សម្តេចតេជោ ណែនាំសមាជិកក្រុមប្រឹក្សាត្រូវធ្វើការជាមួយប្រជាជនទើបប្រជាជនបន្តបោះឆ្នោតឱ្យទៀត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានណែនាំសមាជិកក្រុមប្រឹក្សាត្រូវធ្វើការជាមួយប្រជាជនទើបប្រជាជនបន្តបោះឆ្នោតឱ្យទៀត។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ខេត្តឧត្តរមានជ័យនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០២៥សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ ស្រុក ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។
សម្តេចតេជោបញ្ជាក់ថា “សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែលសម្តេចបានណែនាំ ឱ្យក្រុមប្រឹក្សាត្រូវធ្វើការជាមួយ
ប្រជាជនទើបប្រជាជនបន្តបោះឆ្នោតឱ្យទៀត”។
សម្តេចណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជនដូច្នេះសម្តេចចង់ឱ្យសមាជិកក្រុមប្រឹក្សា មានភាពជិតស្និត ជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋនិងបម្រើប្រជា ពលរដ្ឋ អោយបានល្អ។
សម្តេចតេជោ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិដែលខំប្រឹងដើម្បី ប្រជាពលរដ្ឋនាពេលកន្លងមក ហើយឆ្លៀតក្នុងឱកាសនោះ សម្តេចក៏បានបញ្ជាក់ជូនបន្ថែមទៅដល់ក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាព នយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជាទោះយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះសម្តេចមើលឃើញថា វិបត្តិបានក្លាយទៅជាកាលានុវត្តភាព។
សម្តេចតេជោ បានណែនាំដល់ក្រុមប្រឹក្សា ជំរុញ ប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្មប្រែក្លាយវិបត្តិទៅ ជា កាលានុវត្តភាពលើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុងខេត្ត ហើយកងទ័ពនគរបាលពលរដ្ឋចូលរួមសហការគ្នាជំរុញពលរដ្ឋអោយមានការដាំដុះ ដើម្បីផ្គត់ផ្គង់ កម្លាំងប្រដាប់អាវុធ នៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់អាវុធអាចតម្រូវការយូរអង្វែង។
សម្ដេចតេជោបានបញ្ជាក់ទៀតថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅកាល ពីឆ្នាំ២០១១នោះទេ។សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេនដ្ឋានដើម្បីការពារខ្លួនហើយកុំភ្លេចការបង្កបង្កើន ផល ទោះ សភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយ៕


