បុរសម្នាក់រងរបួសទម្ងន់ បន្ទាប់ពីបើកអេស្ការវទ័រកាយដីប៉ះចំមីនតោន ស្ថិតនៅក្រុងសំរោង

ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានបញ្ជាក់ថា បុរសម្នាក់រងរបួសជាទម្ងន់ បន្ទាប់ពីបើកអេស្ការវទ័រកាយដីប៉ះចំមីនតោន ក្នុងចំណុចមួយនៃសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ឯកឧត្ដម ហេង រតនា បានឱ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី១៦មិថុនា ឆ្នាំ០២៥នេះ ក្នុងកំលុងពេលបុរសម្នាក់កំពុងបើកអេស្ការវទ័រកាយដីដើម្បីសាងសង់អគារ ត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។
ឯកឧត្ដមបញ្ជាក់ថា អេស្ការវទ័រកាយដី ប៉ុន្តែប៉ះចំគ្រាប់មីនតោន សំណល់ពីសង្គ្រាម ទើបបណ្ដាលឱ្យផ្ទុះ ធ្វើឱ្យអ្នកបើកបររងរបួសជាទម្ងន់ រួមទាំងខូចខាតផ្នែកខ្លះនៃគ្រឿងចក្រអេស្កាវទ័រផងដែរ។ យ៉ាងណា ជុំវិញករណីនេះ លោកបានអះអាងដែរថា មិនជាប់ពាក់ព័ន្ធជាមួយស្ថានការណ៍នៅព្រំដែនខ្មែរ-ថៃ ដែលកំពុងតែមានវិវាទជាមួយគ្នានោះទេ។
គួរជម្រាបថា មកទល់នឹងពេលនេះ មីនតោន ដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងអាយុជីវិតមនុស្ស។ ជាក់ស្តែង កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ កន្លងទៅ កសិករម្នាក់រស់នៅភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស្លាប់លេីដីស្រែចម្ការខ្លួន ក្រោយបើកត្រាក់ទ័រកិនចំគ្រាប់មីនតោននេះដូចគ្នា៕

