យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល សូមប្រកាសគាំទ្រចំពោះប្រសាសន៍ដ៏ថ្លៃថ្លា និងម៉ឺងម៉ាត់របស់សម្ដេចតេជោ ក្នុងការជំរុញឱ្យរាជរដ្ឋាភិបាលឈានដល់ការទប់ស្កាត់ការប្រើប្រាស់ទំនិញ និងសេវាកម្មផ្សេងៗរបស់ថៃ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែន ដែលខ្លួនបិទជាឯកតោភាគី

ភ្នំពេញ៖ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ព្រមទាំងអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែក ទាំងក្នុង និងក្រៅប្រទេស សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លា និងម៉ឺងម៉ាត់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាឈានដល់ការទប់ស្កាត់ការប្រើប្រាស់ទំនិញ និងសេវាកម្មផ្សេងៗរបស់ថៃ ក្នុងករណីភាគីថៃ មិនព្រមបើកច្រកព្រំដែន ដែលខ្លួនបានបិទជាឯកតោភាគីនោះទេ។
ប្រសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោ ពិតជាធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា និងប្រជាជនកម្ពុជាទូទាំងប្រទេស គាំទ្រ និងពេញចិត្តជាខ្លាំងចំពោះប្រសាសន៍ទាំង ៦ចំណុចរបស់ សម្ដេចតេជោ ក្នុងកិច្ចការពារភាពថ្លៃថ្នូររបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យភាព។
ការបិទច្រកព្រំដែនដោយភាគីថៃ ជាការបិទព្រំដែនដោយឯកតោភាគី និងជាការអនុវត្តទង្វើតាមទំនើងចិត្ត ក្នុងគោលបំណងកាត់ផ្តាច់ទំនាក់ទំនងដ៏ល្អក្នុងនាមជាប្រទេសជិតខាងល្អ ជាពិសេសជាការផ្តាច់នូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មទេសចរណ៍ និងសេវាកម្មផ្សេងៗ ដោយមិនបានប្រាប់ជាមុន ជាការប្រមាថដ៏ធ្ងន់ធ្ងរ មកលើប្រជាជនកម្ពុជា ដែលយើងមិនអាចទទួលយកបានឡើយ ដើម្បីជាការឆ្លើយតបចំពោះទង្វើដ៏អាក្រក់នេះ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តនឹងគោរពប្រតិបត្តិជានិច្ចតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឈាន ដល់ការទប់ស្កាត់ការប្រើប្រាស់ទំនិញ និងសេវាកម្មផ្សេងៗរបស់ថៃ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែន ដែលខ្លួន បានបិទជាឯកតោភាគីនោះ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស សូមត្រៀមខ្លួនគោរព និងអនុវត្តតាមសេចក្ដីណែនាំដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើ ពហិការមិនប្រើប្រាស់ទំនិញ ឬសេវាកម្មផ្សេងៗរបស់ថៃ ក្នុងករណីថៃនៅតែប្រមាថមកលើកម្ពុជា ដោយមិនព្រម បើកច្រកព្រំដែននោះទេ៕

