ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៣០គ្រួសារ ក្នុងក្រុងបាត់ដំបង ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឆ្លៀតនៅក្នុងឱកាសអញ្ជើញបំពេញបេសកម្មការងារនៅខេត្តបាត់ដំបងនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើរដោយលោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសមាជិកគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងបាត់ដំបង បាននាំយកអំណោយមនុស្សធម៌សម្រាលការលំបាកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣០គ្រួសារដែលមានដូចជា ចាស់ជរាគ្មានទីពឹង៣គ្រួសារ ស្ត្រីម៉េម៉ាយ៧គ្រួសារ ពលរដ្ឋទីទ័លក្រលំបាក១១គ្រួសារ ជនមានពិការភាព៦ក្រួសារ អ្នកផ្ទុកមេរោគអេដស៍២គ្រួសារ និងអ្នកមានជំងឺរាំរ៉ៃ១គ្រួសារ រស់ក្នុងភូមិអូរខ្ជារ និងភូមិនំក្រៀម សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងឱកាសនៃការនាំយកអំណោយមនុស្សធម៌សម្រាលការលំបាកជូនទៅដល់ប្រជាពលរដ្ឋដល់ផ្ទាល់ដៃតាមខ្នងផ្ទះនេះផងដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្រៅពីបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករឭកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវក៏បានបញ្ជាក់ថា ការចុះមកដល់ខ្នងផ្ទះនៅពេលនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានណែនាំឱ្យមន្ត្រីក្រោមឱវាទក្នុងឱកាសចុះបំពេញបេសកម្មការងារគ្រប់ទីកន្លែងត្រូវធ្វើយ៉ាងណាលៃលកស្វះស្វែងចុះពិនិត្យនិងរកជនងាយរងគ្រោះបំផុតដើម្បីនាំយកអំណោយជូនផ្ទាល់ដៃដល់ខ្នងផ្ទះតែម្ដង ហើយនេះគឺជាការលើកទឹកចិត្តនិងបញ្ជាក់ថាពួកគាត់មិននៅឯកោនិងមិនទទួលបានការយកចិត្តទុកដាក់បណ្ដាលឱ្យមានការដាច់ស្បៀងនោះទេ ជាងនេះទៅទៀតការចុះមកដល់ខ្នងផ្ទះនេះដែរ ដើម្បីបានដឹងពីស្ថានភាពជីវភាពនិងការរស់នៅកាន់តែច្បាស់បន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដេរ លោកជំទាវ បានបញ្ជ្រាបការផ្សព្វផ្សាយអប់រំសុខភាពនិងអនាម័យដោយផ្ទាល់ព្រោះថា ការអប់រំសុខភាពនិងអនាម័យដោយផ្ទាល់នេះគឺកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ដូចជានៅពេលនេះដែរគឺប្រជាពលរដ្ឋភាគច្រើនមានរបរញែកសំរាមអេតចាយដូច្នេះសូមពាក់ម៉ាស់ និងត្រូវមានអនាម័យជានិច្ច ហើយមានតែការថែទាំសុខភាពឱ្យបានល្អតាមរយៈការរស់នៅមានអនាម័យស្អាតជានិច្ចទាំងពេលហូបចុក និងត្រូវផឹកទឹកឆ្អិន ជាពិសេសត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ៗចំនួន៤រួមមានជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជា ផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣០គ្រួសារបានគោរពថ្លែងអំណរគុណប្រកបដោយក្តីរំភើបរីករាយឥតឧបមាចំពោះការយកចិត្តទុកដាក់និងលើកទឹកចិត្តពីអ្នកម្តាយមនុស្សធម៌ សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ។
អំណោយផ្តល់ជូននៅពេលនេះរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន រួមជាមួយថវិការបស់សាខាផងដែរ៕

