សម្តេចធិបតី៖ ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់របស់ជាតិ ហើយជាទ្រព្យដែលរីកមិនរួម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់របស់ជាតិ ហើយជាទ្រព្យដែលរីកមិនរួម។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារ ពិសោធន៍ និងសមិទ្ធផលនានា នៅខេត្តរតនគិរី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីបានថ្លែងថា ជាង២០ឆ្នាំមកនេះ រតនគិរី បានប្រែក្លាយពីខេត្តគ្មានការអភិវឌ្ឍ ទៅជាខេត្តមានការអភិវឌ្ឍ។ រាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែងជំរុញកិច្ចអភិវឌ្ឍន៍នៅក្នុង ដោយមិនដកដៃនោះឡើយ។ ប៉ុន្តែដើម្បីរក្សាបានកិច្ចអភិវឌ្ឍន៍ ត្រូវរក្សាឱ្យបាននូវសុខសន្តិភាព។
មានប្រសាសន៍ដល់សុខសន្តិភាព សម្តេចធិបតី បានថ្លែងអំណរគុណដល់ពលរដ្ឋខេត្តភាគឦសាន ដែលបានចេញមុខការពារសន្តិភាព និងបង្ហាញសច្ចភាព នៅពេលគេញុះញង់រឿង CLV កាលពីពេលកន្លងទៅ។
សម្តេចធិបតី បានថ្លែងថា លទ្ធផលសម្រេចបានលើការងារអប់រំនៅក្នុងខេត្តរនគិរី គឺជាការបង្ហាញឱ្យឃើញពីការច្បាមយកនូវឱកាស នៃការអភិវឌ្ឍលើការអប់រំជាមរតករបស់សម្តេចតេជោ៕

