កាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤គ្រួសារ នៅឃុំកន្ទួត ស្រុកចិត្របុរី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា របស់សាខាខេត្តក្រចេះ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤គ្រួសារ នៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសសម្តេចតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម។
ទន្ទឹមនឹងនោះដែរ លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើង សូមជួយអប់រំណែនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ និងសូមអោយបងប្អូននាំគ្នាដាំដំណាំរួមផ្សំផ្សេងៗសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយបានល្អប្រសើឡើង។
អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន: អង្ករ២៥គក្រ សារុង១ មុង១ ភួយ១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង ថវិកា ៥០.០០០រៀល ក្រៅពីនេះក៏មានសប្បុរសជនចូលរួមឧបត្ថម្ភជាថវិកាបន្ថែមមួយចំនួនផងដែរ៕

