សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះដឹងទូលំទូលាយ, ជំនាញច្បាស់លាស់ និងសីលធម៌វិជ្ជាជីវៈ និងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៃទីផ្សារការងារ។
ក្នុងឳកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមិនត្រឹមតែបង្កើតធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះ បង្កើតនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួល បានការអប់រំ និងការបណ្ដុះបណ្ដាល, និង ផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងវិភាជថវិកាជាតិយ៉ាងច្រើន សម្រាប់កសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំ មានជាអាទិ៍៖ គ្រឹះស្ថានឧត្តមសិក្សា, មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស, សាលារៀន, បណ្ណាល័យ ជាដើម៕