សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រោងចក្រទាំង៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោន ក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃ ក្នុងបរិមាណប្រមាណជាង ៣០,០០០ តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។
ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុមហ៊ុនចំនួន៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍន៍ការដ្ឋាន។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបន្ថែមថា ស៊ីម៉ងតិ៍ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លំនៅឋាននានា ដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា នាពេលបច្ចុប្បន្នក្នុងរង្វង់ជាង១០លានតោនដូច្នេះការវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា៕