ប្រជាជនមីយ៉ាន់ម៉ាជាង៤០០នាក់ ភៀសខ្លួនឆ្លងព្រំដែនចូលទឹកដីថៃ ក្រោយក្រុមប្រដាប់អាវុធជនជាតិភាគតិចទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធា

បាងកក៖ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ឧសភា ប្រជាជនមីយ៉ាន់ម៉ាជាង៤០០នាក់ បានភៀសខ្លួនឆ្លងព្រំដែនចូលទឹកដីថៃក្រោយក្រុមប្រដាប់អាវុធជនជាតិភាគតិចទម្លាក់គ្រាប់បែកដូចភ្លៀងធ្លាក់ ចេញពីយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានយោធា។
យោធាមីយ៉ាន់ម៉ា បានបង្កឱ្យមានសង្រ្គាមស៊ីវិល ដោយបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ បច្ចុប្បន្ន កំពុងប្រយុទ្ធជាមួយនឹងក្រុមទ័ពព្រៃ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ធ្វើសកម្មភាពជាយូរមកហើយនៅក្នុងព្រំដែនរបស់ប្រទេសកម្សត់មួយនេះ។ ការប្រយុទ្ធគ្នាភាគច្រើនបានផ្តោតលើការគ្រប់គ្រងច្រកឆ្លងកាត់ព្រំដែន ដើម្បីដណ្តើមគ្រប់គ្រងច្រកទ្វារពាណិជ្ជកម្ម និងផ្លូវរត់ពន្ធ។
យោធាថៃបានឱ្យដឹងថា កងទ័ពរំដោះជាតិការ៉ែន និងអង្គការការពារជាតិការ៉ែន បានប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធាព្រំដែនមួយនៅម៉ោងប្រហែល៤:៤៥ព្រឹក (ម៉ោងនៅមីយ៉ាន់ម៉ា)។
យោធាថៃ បានបញ្ជាក់សេចក្តីថ្លែងការណ៍មួយថា៖«ជនភៀសខ្លួនចំនួន៤១៤នាក់ពីប្រទេសមីយ៉ាន់ម៉ាបានភៀសខ្លួនឆ្លងចូលទឹកដីថៃនៅជិតភូមិម៉ែឡា ក្នុងខេត្តតាក ប្រហែល៤០០គីឡូម៉ែត្រភាគពាយព្យនៃរាជធានីបាងកក»។ សេចក្ដីថ្លែងការណ៍ បាន បន្ថែមថា ជនភៀសខ្លួនទាំងនេះត្រូវបានគេ ដាក់ឱ្យស្នាក់នៅក្នុងប្រាសាទនិងវត្តក្បែរ នោះខណៈទាហានថៃបានបង្កើនការល្បាត តាមព្រំដែន។
គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ា បានបង្កឱ្យមានរលកដ៏ធំនៃការផ្លាស់ទីលំនៅរបស់ប្រជាជន ដោយមានជនភៀសខ្លួន ឬអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន៨១០០០នាក់នៅក្នុងប្រទេសថៃ។ នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ៕
