សភាកម្ពុជាចែករំលែកបទពិសោធន៍ពីគោលនយោបាយអាកាសធាតុរបស់កម្ពុជានៅក្នុងសិក្ខាសាលាតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីគោលនយោបាយអាកាសធាតុ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នង វាសនា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាកម្ពុជា បានចែករំលែកនូវវិធានការមួយចំនួនរបស់កម្ពុជាពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយបានគូសបញ្ជាក់នូវចំណុចសំខាន់ចំនួន៤រួមមាន៖
១. មូលដ្ឋានច្បាប់ និងអភិបាលកិច្ច៖ កម្ពុជាបានអនុម័ត «ក្រមបរិស្ថាន និងធនធានធម្មជាតិ ២០២៤» ដោយបញ្ចូលបញ្ហាអាកាសធាតុទៅក្នុងច្បាប់ជាតិ និងបង្កើតយន្តការគណនេយ្យភាពដើម្បីត្រួតពិនិត្យប្រសិទ្ធភាព។
២. ការសម្របសម្រួលអន្តរវិស័យ៖ ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍដោយចីរភាព (NCSD) ដឹកនាំដោយក្រសួងបរិស្ថាន ដើរតួនាទីសម្របសម្រួលសកម្មភាពឆ្លើយតបនឹងអាកាសធាតុរវាងក្រសួងផ្សេងៗដូចជា ថាមពល កសិកម្ម និងធនធានទឹក។
៣. ការពង្រឹងសមត្ថភាពស្ថាប័ន ៖ កម្ពុជាបានពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈកិច្ចសហការអន្តរជាតិ ដោយបង្កើតប្រព័ន្ធទិន្នន័យ និង MRV (វាស់វែង រាយការណ៍ ផ្ទៀងផ្ទាត់) និងយន្តការនៃការបណ្តុះបណ្តាល។
៤. ការអនុវត្តជាក់ស្តែង៖ កម្ពុជាបានអនុវត្តគោលនយោបាយអាកាសធាតុ តាមរយៈការដាក់បញ្ចូលបញ្ហាអាកាសធាតុក្នុងផែនការអភិវឌ្ឍជាតិ កិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួង និងគម្រោងសាកល្បងនៅតំបន់ងាយរងគ្រោះ។
ឯកឧត្តម នង វាសនា បានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជាក្នុងសសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុតាមរយៈយន្តការច្បាប់ ការសម្របសម្រួលស្ថាប័ន និងការពង្រឹងសមត្ថភាព៕

