សម្តេចធិបតី៖ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់បានបាត់បង់ជីវិត ដោយសារជំងឺមហារីក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ ករណីហើយជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់បានបាត់បង់ជីវិត ដោយសារជំងឺនេះ។
ក្នុងឳកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តួលេខទាំងពីរនេះ ត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់ជំងឺមហារីក។
ជាមួយគ្នានេះ សម្ដេចបានអំពាវនាវដល់ពេលរដ្ឋចូលរួមលេងកីឡា ដើម្បីអាចទប់ស្កាត់ជំងឺមហារីក និងជំងឺផ្សេងៗធ្វើឱ្យសុខភាពល្អ ខណៈសម្ដេចថា សុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើគ្រប់ផ្នែកទាំងអស់ចូលរួមថែរក្សា ទើបអាចរក្សាបានសុខភាពប្រជាជនបានល្អ៕

