សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលតាមសាលារៀន កុំឱ្យមានសិស្សនាំគ្នាជក់បារីអេឡិកត្រូនិក ឬវែប

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យពិនិត្យមើលតាមសាលារៀន កុំឱ្យមានសិស្សនាំគ្នាជក់បារីអេឡិកត្រូនិក ឬវែប ខណៈការជក់បារីអេឡិកត្រូនិកនេះ គឺបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ជំងឺមហារីក តាមរយៈការអប់រំផង និងការចាក់ថ្នាំបង្ការផង។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពេលរដ្ឋចូលរួមលេងកីឡា ដើម្បីអាចទប់ស្កាត់ជំងឺមហារីក និងជំងឺផ្សេងៗធ្វើឱ្យសុខភាពល្អ។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ពលរដ្ឋនាំគ្នាលេងកីឡាឱ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋច្រើននៅរាជរធានីភ្នំពេញ និងបណ្ដាខេត្តបាននាំគ្នាលេងកីឡាច្រើន។ សម្ដេចបានអរគុណដល់រដ្ឋបាលរាជធានី ខេត្ត ដែលបានរៀបចំកន្លែងលេងកីឡាដល់ពលរដ្ឋបានល្អ។
សម្តេចបវធិបតី នាយករដ្ឋមន្ត្រី បានប្រកាសបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគការផលិតបារីអគ្គិសនីនោះទេ តែស្វាគមន៍ការវិនិយោគផ្សេងៗ ៕

