សម្ដេចធិបតី៖ រាជរដ្ឋាភិបាល មានមហិច្ឆតាបង្កើតឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍រួមដល់បងប្អូនកម្មករនិយោជិត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍ សេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរ អង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃ សន្តិភាពផងដែរ។
ការបញ្ជាក់បែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត ដែលកំពុងបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី បានថ្លែងថា ការបើកច្រកឱ្យមានអ្នកដឹកនាំ ឬអ្នកគ្រប់គ្រង (CEO) នៅស្ថាប័នសាធា រណៈរបស់រដ្ឋមួយចំនួន គឺដើម្បីបង្កើតភាពបត់បែន ធានានូវម្ចាស់ការ និងប្រសិទ្ធភាព ដើម្បីទាញយកប្រសិទ្ធផលនៅតាមបណ្ដាសហគ្រាសជាពិសេសសហគ្រាសយុទ្ធសាស្រ្ដមួយចំនួនឱ្យមានការប្រកួតប្រជែង និងធានានូវកំណើនសេដ្ឋកិច្ច។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្រោយកម្ពុជាបញ្ចប់គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ ប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក -១៧.៥ម៉ែត្រ អនុញ្ញាតឱ្យនាវាជម្រៅទឹក -១៦ម៉ែត្រ ដែលមានចំណុះផ្ទុក ១៦០ ០០០ DWT ស្មើនឹង ១ម៉ឺន ៥ពាន់ TEUs មានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅមក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដោយផ្ទាល់។
សម្តេចធិបតី បានបន្តថា គម្រោងនេះនឹងនាំឱ្យសមត្ថភាពផែសរុបកើនដល់ចំនួន ២ ៦៣៧ ០០០ TEUs/ឆ្នាំ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០។ ខណៈគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ ៕

