អភិបាលខេត្តកែប ណែនាំកងកម្លាំងនគរបាល ត្រូវបន្តខិតខំយកចិត្តទុកដាក់ការពារឱ្យខានតែបាន នូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានណែនាំដល់កងកម្លាំងនគរបាលខេត្តកែបទាំងអស់ ត្រូវបន្តខិតខំ យកចិត្តទុកដាក់ប្តេជ្ញាការពារឱ្យខានតែបាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកងកម្លាំងនគរបាល ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ក្នុងបរិវេណ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប, មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីស្នងការរងនគរបាលខេត្ត នាយ-នាយរងការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធអញ្ជើញចូលរួមផងដែរ។
ក្រោយពីបានស្តាប់របាយការណ៍សង្ខេបស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ នាឱកាសឆ្នាំថ្មី ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ទាំងអស់ និងក្នុងនាម ឯកឧត្តម ផ្ទាល់ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ទាំងអស់ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ និងអញ្ជើញមកសម្រាក លម្ហែកំសាន្តក្នុងខេត្ត ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ប្រកបដោយសុវត្ថិភាពខ្ពស់ដោយពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាល ត្រូវបន្តខិតខំ យកចិត្តទុកដាក់ប្តេជ្ញាការពារឱ្យខានតែបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង ត្រូវសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងពិសេសត្រូវមានឯកភាពជាតិតែមួយ មិនត្រូវស្ដាប់ការញុះញង់ពីជនអគតិដែលប៉ុនប៉ងជាន់ពន្លិចសុខសន្តិភាពរបស់ប្រទេសជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគមួយចំនួនធំ និងថវិកាបន្ថែមទៀតផងដែរ ៕

