ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការបំពេញតួនាទី ភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការបំពេញតួនាទី ភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធប្រមាណ ១៧រូប។
សូមជម្រាបជូនថា ក្រុមការងារនេះ មានតួនាទីភារកិច្ចសំខាន់ៗដូចខាងក្រោម៖
-ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការបំពេញតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែននានាក្នុងព្រះរាជាណាចក្រកម្ពុជា
-លើកឡើងនូវវិធានការនានាដើម្បីលើកកម្ពស់ការគ្រប់គ្រងនិងដំណើរការការងារនៅច្រកទ្វារព្រំដែន ប្រកបដោយប្រសិទ្ធភាព សន្តិសុខ សណ្តាប់ធ្នាប់ និងមានរបៀបរៀបរយ
-សិក្សា ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន
-ផ្តល់ការណែនាំនិងគាំទ្រដល់ការអនុវត្តការងារនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន
-កែលម្អ និងពង្រឹងនូវយន្តការ បែបបទ និងនីតិវិធីនៅក្នុងការបំពេញការងាររបស់ទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែន
-ស្នើឡើងនូវការដាក់វិន័យ ទណ្ឌកម្ម ឬទោសទណ្ឌចំពោះមន្ត្រីដែលបានប្រព្រឹត្តខុសតួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈជាដើម៕

