សម្តេចធិបតី៖ កម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវកត្តាសុខសន្ដិភាព ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនទៅមុខទៀត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទោះបីសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញក្ដី ប៉ុន្ដែការរងផលប៉ះពាល់នៃសេដ្ឋកិច្ចកម្ពុជា តាំងតែពីវិបត្តិកូវីដ-១៩ រហូតមកដល់វិបត្តិសង្គ្រាមតាមបណ្ដាប្រទេសនៅលើពិភពលោក ក៏បានបន្តបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានៅឡើយ។ ដូច្នេះហើយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវកត្តាសុខសន្ដិភាព ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនទៅមុខទៀត។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកទឹកចិត្តដល់យុវជន ចូលរួមជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា យុវជនជាអនាគតអ្នកដឹកនាំបន្តវេនរបស់យើង ដើម្បីជាឱកាសក្រេបយកចំណេះដឹង ពាក់ព័ន្ធនឹងការវិវត្តទៅអនាគតរបស់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចង់ឱ្យសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ មានការពិភាក្សាផុសផុលលើវិស័យអាទិភាពមួយចំនួន ដែលជាអាទិភាពសំខាន់របស់កម្ពុជា រួមមានវិស័យកំណើនថ្មី, ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ( LDC) និងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចតូច មធ្យម ជាដើម ៕

