នាយករដ្ឋមន្រ្ដី ជំរុញឲ្យក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ភាពយន្ត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ភាពយន្ត ដោយដៅ គោលដៅណាមួយជាគោលដៅសម្រាប់ថតកុន រៀបកញ្ចប់សេវាល្អ និងការសម្របសម្រួលតម្លៃសមរម្យ សម្រាប់ការអនុវត្តការងារនេះឱ្យបានល្អ។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យកែសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីប្រទេសនានាអាចចូលមកថតភាពយន្ត និងថតផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា ពិសេសតំបន់រមណី យដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីបង្កើនការទាក់ទាញទេសចរតាមរយៈភាពយន្ត និងការផ្សព្វ ផ្សាយពាណិជ្ជកម្មនានា។
ជាមួយគ្នានោះសម្ដេចធិបតី បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កុំឲ្យមើលស្រាលរឿងរ៉ាវតូចតាចលើវិស័យទេសចរណ៍ឱ្យសោះ ខណៈដែលបញ្ហាតូចក៏អាចបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាបានដែរ ជាពិសេសបញ្ហាសេវាកម្ម សន្ដិសុខ សណ្ដាប់ធ្នាប់ជាដើមនៅតាមតំបន់ទេសចរណ៍ ៕

