រដ្ឋបាលលោកប្រធានីធិបតី ដូណាល់ ត្រាំ បានផ្ញើអ៊ីមែលទៅកាន់បុគ្គលិករដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាម៉េរិក ដោយប្រាប់ពួកគេឱ្យលម្អិតអំពីសមិទ្ធផលការងាររបស់ពួកគេពីសប្តាហ៍មុន ប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារ

វ៉ាស៊ីនតោន៖ រដ្ឋបាលលោកប្រធានីធិបតី ដូណាល់ ត្រាំ បានផ្ញើអ៊ីមែលកាលពីល្ងាចថ្ងៃសៅរ៍ទៅកាន់បុគ្គលិករដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាម៉េរិក ដោយប្រាប់ពួកគេឱ្យលម្អិតអំពីសមិទ្ធផលការងាររបស់ពួកគេពីសប្តាហ៍មុន នៅយប់ថ្ងៃចន្ទ ឬប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារ។
អ៊ីមែលនេះកើតឡើងភ្លាមៗបន្ទាប់ពីលោក អ៊ីឡុន ម៉ាស ប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE របស់រដ្ឋបាលលោក ត្រាំ បានបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការមិនឆ្លើយតបនឹងសំណើអ៊ីមែលនឹងត្រូវបានចាត់ទុកថា ជាការលាលែងពីតំណែង។
លោក ម៉ាស បានបង្ហោះនៅលើកម្មវិធី X ថា៖ «និយោជិកសហព័ន្ធទាំងអស់នឹងទទួលបានអ៊ីមែលភ្លាមៗ ដែលស្នើសុំឱ្យពន្យល់ការងារដែលពួកគេបានបំពេញកាលពីសប្តាហ៍មុន។ ការខកខានមិនបានឆ្លើយតប ស្មើនឹងការលាលែងពីការងារ»។
លោក ម៉ាស បានបង្ហោះសារនេះត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម Truth Social ថា DOGE គួរតែបង្កើនភាពម៉ឺងម៉ាត់ក្នុងការប៉ុនប៉ងកាត់បន្ថយ និងកែប្រែកម្លាំងពលកម្មសហព័ន្ធឡើងវិញ។
គិតត្រឹមល្ងាចថ្ងៃសៅរ៍ អ៊ីមែលត្រូវបានផ្ញើទៅនិយោជិតនៅទូទាំងទីភ្នាក់ងារសហព័ន្ធ រួមទាំងគណៈកម្មការមូលបត្រ រដ្ឋបាលមហាសមុទ្ទ និងបរិយាកាសជាតិ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ និងស្ថាប័នផ្សេងៗទៀត ដោយភ្ជាប់ជាមួយចំណងជើងថា៖ «តើអ្នកបានបំពេញការងារអ្វីខ្លះ កាលពីសប្តាហ៍មុន?»។ អ៊ីមែលនោះស្នើឱ្យនិយោជិតសង្ខេបការងាររបស់ពួកគេជា ៥ចំណុចសំខាន់ៗ។
វាត្រូវបានផ្ញើចេញពីការិយាល័យធនធានមនុស្សពីការិយាល័យគ្រប់គ្រងបុគ្គលិក ហើយទុកពេលឱ្យបុគ្គលិករហូតដល់ម៉ោង១១ៈ៥៩នាទីយប់ថ្ងៃចន្ទ ដើម្បីឆ្លើយតប។ វាមិនច្បាស់ថា មូលដ្ឋានច្បាប់ណាដែល Musk ប្រើដើម្បីបញ្ចប់បុគ្គលិកសហព័ន្ធ ប្រសិនបើពួកគេមិនឆ្លើយតបនឹងសំណើខ្លួន និងអ្វីដែលនឹងកើតឡើងចំពោះនិយោជិតដែលមិនអាចលម្អិតអំពីការងារសម្ងាត់របស់ពួកគេ៕

