ក្រុមជនជាតិចិន ៥០នាក់ដំបូង បានវិលត្រឡប់ទៅមាតុប្រទេសវិញ បន្ទាប់ពីត្រូវបានជួយសង្គ្រោះ ពីមជ្ឈមណ្ឌលឆបោកនៅភូមា

បាងកក៖ ក្រុមជនជាតិចិនចំនួន៥០នាក់ដំបូង បានវិលត្រឡប់ទៅមាតុប្រទេសវិញ បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលឆបោកនៅភូមា។ ពួកគេបានហោះចេញពីទីក្រុងម៉ែសុត (Mae Sot) នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភៈនេះ។
ជនជាតិចិនទាំង៥០នាក់ បានមកដល់ព្រំដែនថៃពីក្រុងម្យ៉ាវ៉ាឌី (Myawaddy) តាមរថយន្តក្រុងពីរគ្រឿង អមដំណើរដោយរថយន្តប៉ូលិស។ អ្នកកាសែត AFP បានរាយការណ៍ថា ជើងហោះហើរនេះ បានហោះឡើងនៅម៉ោង១១ៈ៣០នាទីព្រឹក។ ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍របស់ចិនចំនួន៤ ដែលយន្តហោះនីមួយៗផ្ទុកមនុស្ស៥០ នាក់ បូករួមទាំងមន្ត្រីត្រូវបានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍។
រដ្ឋាភិបាលចិនបានជួលយន្តហោះក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដើម្បីធ្វើមាតុភូមិនិវត្តន៍នៃជនជាតិរបស់ខ្លួនចំនួន៦០០នាក់ ពីទីក្រុងម៉ែសុតនៅលើជើងហោះហើរចំនួន១៦ ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។ ការធ្វើមាតុភូមិនិវត្តន៍ជនបរទេសដែលមានសញ្ជាតិផ្សេងទៀត ត្រូវបានគេរំពឹងថានឹងអនុវត្តតាម។
ជនជាតិចិនទាំងនេះ ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលរំពឹងថា នឹងត្រូវបានគេនាំយកចេញពីមជ្ឈមណ្ឌលឆបោកមានមូលដ្ឋាននៅទីក្រុងម្យ៉ាវ៉ាឌី បន្ទាប់ពីសម្ពាធយ៉ាងធ្ងន់ធ្ងរពីរដ្ឋាភិបាលចិន និងថៃ ដែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ប្រេង និងអ៊ីនធឺណិតទៅកាន់តំបន់នោះកាលពីដើមខែកុម្ភៈ។ កងកម្លាំងឆ្មាំព្រំដែន Karen ដែលជាកងជីវពលសម្ព័ន្ធមិត្តជាមួយរបបយោធាមីយ៉ាន់ម៉ា កំពុងរៀបចំនិរទេសមនុស្សចំនួន១០០០០នាក់៕

