ព្រះមហាក្សត្រ៖ វត្តអារាមបានដើរតួនាទីជំរុញបណ្តុះសីលធម៌ គុណធម៌ដល់សង្គមខ្មែរទាំងមូល

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា វត្តអារាម នៃព្រះពុទ្ធសាសនា បានរួមវិភាគទានដល់សង្គមខ្មែរតាំងតែពីបុរាណកាលរហូតដល់សព្វថ្ងៃនេះ ខណៈវត្តអារាមនេះ គឺជាទីកន្លែងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះសីលធម៌ និងគុណធម៌សង្គមខ្មែរ និងជាទីកន្លែងបណ្តុះបណ្តាលអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត និងកសាងធនធាន មនុស្សឲ្យមានចំណេះដឹងជាដើម។
ក្នុងឱកាស ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានា ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលថា ក្នុងបរិការនេះ តួនាទីលេចធ្លោររបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាជលករមួយ ដែលមិនអាចកាត់ផ្តាច់ចេញបានទាំងដំណើរជីវិតពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមានន័យថា «វត្តអារាមនិង សង្គមគឺតែមួយ»។
ព្រះករុណា ព្រះមហាក្សត្រព្រះអង្គ បានមានព្រះរាជបន្ទូលទៀតថា តាំងពីអតីត កាលរហូតដល់បច្ចុបន្នកាល វត្តអារាមបានជួយផ្តល់កន្លែងស្នាក់នៅ បួស រៀនសូត្រ ចំណេះដឹងទូទៅ ដល់អ្នកដែលមានការខ្វះខាតដោយក្នុងចំណោមនោះ មានមួយចំនួនបានក្លាយទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើរដ្ឋផងដែរ ៕

