ឯកឧត្តម ស រដ្ឋា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ខេត្ត លោក លោកស្រី ជាជំនួយការដឹកនាំ ប្រធានកិតិ្តយស ប្រធានក្រុមប្រឹក្សាចុះជួយ ស.ស.យ.ក. ក្រុង/ស្រុក លោក លោកស្រី ប្រធាន ស.ស.យ.ក. ក្រុង/ស្រុក ទាំង១៤ សមាជិក សមាជិកា ស.ស.យ.ក.ឃុំ/សង្កាត់ សមាជិក សមាជិកា ស.ស.យ.ក. ខេត្ត សរុបចំនួន៤០១នាក់ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
នៅក្នុងពិធីបើកសន្និបាត ឯកឧត្តម ស រដ្ឋា បានលើកឡើងពីការលះបង់របស់ក្រុមគ្រួសារ ស.ស.យ.ខេត្ត គ្រប់លំដាប់ថ្នាក់ ការចូលរួមពីគ្រប់ភាគីដៃគូ រួមមានអាជ្ញាធរដែនដី មន្ទីរវិស័យពាក់ព័ន្ធជុំវិញខេត្ត ជាពិសេសអនុសាសន៍ណែនាំរបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ការដឹកនាំផ្ទាល់របស់លោក ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុក៣ខេត្ត (ខេត្តបាត់ដំបង, ព្រៃវែង និងបន្ទាយមានជ័យ) ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្រ្តប្រចាំ មណ្ឌលខេត្តបាត់ដំបង បានធ្វើឱ្យ ស.ស.យ.ក. ខេត្តសម្រេចបានលទ្ធផលជាច្រើន ដែលមានរំលេច ក្នុងរបាយការណ៍ ដែលនឹងអានដោយលោក យី សុងគី អនុប្រធានប្រចាំការស.ស.យ.ក.ខេត្ត។
ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមគ្រួសារ ស.ស.យ.ក.ខេត្ត និងស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ទាំងសម្ភារៈ ថវិកា រួមចំណែកក្នុងការសម្រេចបាននូវបេសកកម្មរបស់ស.ស.យ.ក.ខេត្តកន្លងមក លើការងារសង្គម សប្បុរសធម៌, ការអប់រំ កសាងកម្លាំង និងកីឡា, ការងារអនាម័យបរិស្ថាន និងការវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត។
កម្មវិធីបន្ទាប់នាឱកាសនោះក៏មានជាការអាននូវរបាយការណ៍លទ្ធផលសម្រេចបានរបស់ស.ស.យ.ក.ខេត្ត ដោយលោក យី សុងគី អនុប្រធានប្រចាំការស.ស.យ.ក.ខេត្ត ដោយបានលើកឡើង ពីចំណុចខ្លាំង បញ្ហាប្រឈម សំខាន់ៗដាក់ជូនអង្គពិធី និងមានបទអន្តរគមន៍ចំនួន៤ប្រធានបទដែលធញវើបទបង្ហាញដោយស.ស.យ.ក.ស្រុក រួមមាន៖
ប្រធានបទទី១៖ ការចូលរួមក្នុងការលើកស្ទួយនូវឧត្តមភាព កិត្តិនាមជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ប្រពៃណី សិល្បៈ ជំនោះ និងសាសនា ដោយលោក ម៉ង់ មឿន អនុប្រធានស.ស.យ.ក.ស្រុកបវេល
ប្រធានបទទី២៖ ការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ខ្សែរយៈចាត់តាំង និងការកសាងចលនាយុវជន ធ្វើបទបង្ហាញដោយលោក នន់ គឹមនី ប្រធានស.ស.យ.ក.ស្រុកសង្កែ
ប្រធានបទទី៣៖ ការបង្កើនការចូលរួមរបស់យុវជនក្នុងការងារស្ម័គ្រចិត្ត និងកិច្ចការសង្គម ធ្វើបទ
បង្ហាញដោយលោក សម កុសល្យ ប្រធានស.ស.យ.ក.ស្រុកឯកភ្នំ
ប្រធានបទទី៤៖ ការចូលរួមជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពយុវជនតាមរយៈការអប់រំ បណ្តុះបណ្តាល និងកីឡា ទន្ទឹមនិងការធ្វើបទអន្តរគមន៍ទាំង៤ខាងលើ ក៏មានជាមតិយោបល់ចូលរួមយ៉ាងផុសផុលផងដែរ ពីសំណាក់លោក លោកស្រីនៃអង្គពិធីដើម្បីជាធាតុចូល និងជាវិធានការគន្លឹះ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៥។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ស រដ្ឋា បានមានប្រសាសន៍បូកសរុបលទ្ធផលសន្និបាត និងបានដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនអង្គពិធី ក៏ដូចជាបានផ្តល់ជាអនុសាសន៍ណែនាំ និងលើកទិសដៅ សំខាន់ៗជូនអង្គពិធី ជាពិសេស ស.ស.យ.ក.ខេត្ត ស.ស.យ.ក.ក្រុង/ស្រុក បន្តអនុវត្តឱ្យកាន់តែល្អប្រសើរនាឆ្នាំ២០២៥ និងសូមឱ្យសមាជិកនៃអង្គពិធីទាំងអស់ចូលរួមកម្មវិធីបិទសន្និបាតនាពេលរសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាអនុប្រធានស.ស.យ.ក. ទទួលបន្ទុក៣ខេត្ត (ខេត្តបាត់ដំបង, ព្រៃវែង និងបន្ទាយជ័យ) ដើម្បីទទួលបាននូវអនុសាសន៍ល្អៗ វិធានការគន្លឹះ ជាធាតុចូលមួយសម្រាប់អនុវត្តបានល្អប្រសើរនាឆ្នាំបន្តបន្ទាប់ ៕

