សម្ដេចតេជោ ហ៊ុន សែន បង្ហាញព័ត៌មាន ជុំវិញការទំនុកបំរុង លោក សេង សារី

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ពីរដ្ឋធានីវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសរសេររៀបរាប់លើបណ្ដាញសង្គមថា លោក សេង សារី ធ្លាប់សុំលុយសម្ដេចទៅអាមេរិក ដើម្បីចូលឲ្យគៀកជាមួយ លោកស្រីមួ សុខហួ លោក អេង ឆៃអៀង និងបានសុំឲ្យសម្ដេចជួយបង្កើតគណបក្សនយោបាយ។
សម្ដេចតេជោ បានឲ្យដឹងទៀតថា សម្ដេចបានផ្ដល់ឲ្យលោក សេង សារី នូវប្រាក់បង់រំលោះផ្ទះដែល លោក សេង សារី នៅជំពាក់គេ និងផ្តល់ឲ្យសេង សារី នូវថវិកា១មុឺនដុល្លារក្នុងមួយខែរយៈ ពេល១២ខែស្មើ១២មុឺនដុល្លារ។ នេះមិនទាន់គិតពីថវិកាដែល លោក សេង សារីស្នើសុំពីអូស្ត្រាលី ដើម្បីធ្វើដំណើរទៅអាមេរិកនិងត្រៀមបង្កើតគណបក្សផង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនដែលចាត់ទុក លោក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែងចាត់ទុកជាអ្នកពិគ្រោះនយោបាយ មួយរូប និងមិនដែលគំរាមលោក សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។
មួយវិញទៀត សំឡេងបែកធ្លាយរវាងសម្ដេចនិង លោក សេង សារី វានៅស្រាលណាស់បើប្រៀបធៀបជាមួយសំឡេងនិងសារឆ្លងឆ្លើយដែលសម្ដេចកំពុងរក្សាទុក។
នេះបើតាមសម្ដេចតេជោ ដោយបានគូសបញ្ជាក់ថា បើទោះបីជាលោក សេង សារី និយាយខុសការពិត ក៏សម្ដេចមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះយល់លើមនោសញ្ចេតនាដែល លោក សេង សារី ហៅសម្ដេចថា ពុករយៈពេល៤ឆ្នាំហើយដែរ។
ឃ្លាចុងក្រោយនៃសំណេរ សម្ដេចតេជោ ហ៊ុន សែន រំឮកលោក សេង សារី ថា អាចភូតអ្នកដ៏ទៃបានតែកុំភូតខ្លួនឯង និងកុំភូតឯកសារសម្ងាត់ដែលមានក្នុងដៃសម្ដេច ៕
