សម្ដេចបវរធិបតី ណែនាំក្រសួងប្រៃសណីយ៍ ពន្លឿនការរៀបចំដាក់ឱ្យដំណើការសេវាទូរស័ព្ទចល័ត 5G នាពេលខាងមុខ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៦ កុម្ភៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ពន្លឿនការរៀបចំដាក់ឱ្យដំណើការសេវាទូរស័ព្ទចល័ត 5G នាពេលខាងមុខ ។
សម្ដេចធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ខណៈបរិវត្តកម្មឌីជីថល គឺជាការឆ្ពោះទៅរកកាលានុវត្តភាពថ្មីៗ តាមយរៈការប្រែប្រួលនៃប្រព័ន្ធឌីជីថល។
សម្ដេចបវរធិបតី លើកឡើងថា ទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលបានជំរុញល្បឿនការងារទាំងក្នុងវិស័យរាជរដ្ឋាភិបាល និងវិស័យឯកជន ខណៈនៅកម្ពុជាវិស័យបច្ចេកវិទ្យាឌីជីថល កំពុងបន្តរីកលូតលាស់យ៉ាងលឿនក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ និងកោតសរសើរដល់កូនខ្មែរជាច្រើនដែលអាចបង្កើតកម្មវិធីទូរស័ព្ទ និងកម្មវិធីអេហ្វជាច្រើន ដើម្បីផ្ដល់សេវា និងព័ត៌មានលឿន រហ័សទៅដល់ប្រជាពលរដ្ឋ ៕

