អ្នកគាំទ្រលោក យូន រាប់រយនាក់ សម្រុកចូលតុលាការ ដោយខ្លះវាយកញ្ចក់បង្អួច និងខ្លះទម្លុះវាយបំបែកចេញពីខាងក្នុង

សេអ៊ូល៖ អ្នកគាំទ្រលោក យូន ស៊ុកយ៉ុល រាប់រយនាក់ បានសម្រុកចូលអគារតុលាការ កាលពីព្រឹកថ្ងៃអាទិត្យទី១៩មករា ដោយខ្លះវាយកញ្ចក់បង្អួច និងខ្លះទម្លុះវាយបំបែកចេញពីខាងក្នុង។ ភាពចលាចលនេះ ផុសឡើងភ្លាមៗបន្ទាប់ពីតុលាការបានសម្រេចបន្តឃុំខ្លួនប្រធានាធិបតីព្យួរតំណែងរហូតដល់២០ថ្ងៃ។
បន្ទាប់ពីសវនាការរយៈពេលប្រាំម៉ោង កាលពីថ្ងៃសៅរ៍ទី១៨មករា ចៅក្រមបានចេញដីកាថ្មីបន្តការឃុំខ្លួនលោក យូន ដល់ទៅ២០ថ្ងៃ ដោយសារការព្រួយបារម្ភថា ជនសង្ស័យអាចបំផ្លាញភស្តុតាង។ ភ្លាមៗបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ត្រូវបានប្រកាសកាលកាលពីថ្ងៃអាទិត្យទី១៩ ខែមករា នៅម៉ោងប្រហែល៣ទៀបភ្លឺ អ្នកគាំទ្ររបស់លោក យូន បានចោមរោមអគារតុលាការធម្មនុញ្ញដូចស្រមោច ទន្ទឹមនឹងប៉ូលិសកុប្បកម្មដ៏លើសលប់បានព្យាយាមរារាំងពួកគេ។ ខ្សែវីដេអូបានបង្ហាញថា អ្នកគាំទ្រលោក យូន ប្រហែលមួយពាន់នាក់បានដើរដង្ហែព្យុហយាត្រាសំដៅទៅកាន់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដោយបានបំផ្ទុះបំពង់ពន្លត់អគ្គិភ័យនៅច្រកចូលខាងមុខ បន្ទាប់មកបានសម្រុកចូលទៅខាងក្នុង បំផ្លាញសម្ភារការិយាល័យ បរិក្ខារ និងគ្រឿងសង្ហារឹមនានា។
យ៉ាងណា ពីរទៅបីម៉ោងក្រោយមក ប៉ូលិសបានស្តារសណ្តាប់ធ្នាប់ឡើងវិញ ដោយពួកគេអះអាងថា បានចាប់ខ្លួនបាតុករចំនួន៤៦នាក់ ហើយប្តេជ្ញាចាប់ខ្លួនមនុស្សផ្សេងទៀតដែលពាក់ព័ន្ធ។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ រាយការណ៍ថា ប៉ូលិស៩នាក់បានរងរបួស។ ជុំវិញភាពវឹកវរនេះ ប្រធានស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក (Choi Sang-mok) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះអំពើហិង្សាខុសច្បាប់ ដែលមិនអាចនឹកស្មានដល់នៅក្នុងសង្គមប្រជាធិបតេយ្យ។ អាជ្ញាធរត្រូវតែបង្កើនវិធានការសុវត្ថិភាពជុំវិញការប្រមូលផ្តុំនេះ»។
គេនៅចាំបានថា កាលពីថ្ងៃពុធទី១៥ ខែមករា លោក យូន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានចាប់ខ្លួន ខណៈលោកត្រូវប្រឈមមុខនឹងការចោទប្រកាន់នៃការបះបោរទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៤ ដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានទាញដៃប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយ។ ការបះបោរ ជាឧក្រិដ្ឋកម្មដែលលោក យូន អាចត្រូវបានចោទប្រកាន់ គឺជាឧក្រិដ្ឋកម្មមួយដែលប្រធានាធិបតីកូរ៉េខាងត្បូង មិនមានអភ័យឯកសិទ្ធិ ហើយអាចត្រូវផ្តន្ទាទោសប្រហារជីវិត។ យ៉ាងណាមិញ កូរ៉េខាងត្បូងមិនបានប្រហារជីវិតនរណាម្នាក់ក្នុងរយៈពេលជិត៣០ឆ្នាំមកហើយ៕

