អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ

ភ្នំពេញ៖ អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើមោឃភាពលិខិតឆ្លងដែន របស់លោក កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមប្រភពព័ត៌មាន ដែលសុំមិនបញ្ចេញឈ្មោះ។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈសាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកា ឱ្យចាប់ខ្លួនពីបទគំរាមកំហែង ហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ៕

