រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបលោក Erdogan ក្នុងទីក្រុង Ankara ខណៈកងកម្លាំងគាំទ្រដោយអាមេរិក និងតួកគី ប៉ះទង្គិចគ្នានៅស៉ីរី

អង់ការ៉ា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុងអង់ការ៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាដែលផ្តោតលើទិដ្ឋភាពសំខាន់ នៃការបង្កើតស្ថិរភាពនៅស៉ីរី ចំពេលមានការប៉ះទង្គិចគ្នានៅឯភាគខាងជើងប្រទេស រវាងកងកម្លាំងឃឺដគាំទ្រដោយអាមេរិក និងក្រុមឧទ្ទាមគាំទ្រដោយតួកគី។
ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងអង់ការ៉ា បានផ្តល់ការគាំទ្ររៀងៗខ្លួនដល់ក្រុមឧទ្ទាមនៅស៉ីរី ក្នុងសង្គ្រាមស៉ីវិលរយៈពេល ១៣ឆ្នាំ ប៉ុន្តែផលប្រយោជន៍ពួកគេបានប៉ះទង្គិចគ្នាគួរឱ្យកត់សម្គាល់ នៅពេលនិយាយដល់កងកម្លាំងប្រជាធិបតេយ្យស៉ីរី ដឹកនាំដោយជនជាតិឃឺដ (SDF)។ SDF គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ នៅក្នុងក្រុមចម្រុះរបស់សហរដ្ឋអាមេរិក ប្រឆាំងពួក ISIS។ ក្រុមចម្រុះនេះដឹកនាំដោយកងទ័ពការពារប្រជាជន (YPG) ដែលទីក្រុងអង់ការ៉ាចាត់ទុកជាបក្ខពួកបន្ថែមរបស់ក្រុម PKK ជនជាតិឃឺដ ដែលបានបំពានច្បាប់ និងប្រយុទ្ធជាមួយរដ្ឋតួកគី អស់រយៈពេល ៤០ឆ្នាំ។
ក្នុងពេលជួបលោក Blinken លោក Erdogan អំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើការរួមគ្នាលើការកសាងស្ថាប័ននានានៅក្នុងប្រទេសស៉ីរីឡើងវិញ ជាមួយនិងការបញ្ជាក់ថា តួកគីនឹងចាត់វិធានការបង្ការ បញ្ហាសន្តិសុខជាតិប្រឆាំងអង្គការដែលខ្លួនចាត់ទុកជាភេរវករ។ រីឯ លោក Blinken បានកត់សម្គាល់ពីចំណាប់អារម្មណ៍រួម របស់សហរដ្ឋអាមេរិក និងតួកគី ក្នុងការគាំទ្រដំណើរការផ្ទេរអំណាចដឹកនាំនៅស៉ីរី ឱ្យទៅរដ្ឋាភិបាលដែលមានគណនេយ្យភាព និងរួមបញ្ចូលគ្នា។ លោក Blinken ក៏បានលើកឡើងផងដែរពីតម្រូវការធានា ឱ្យកម្លាំងចម្រុះសម្រាប់កម្ចាត់ ក្រុម ISIS អាច បន្ត អនុវត្ត បេសកកម្ម របស់ ខ្លួនបាន។
គួរបញ្ជាក់ថា នេះការធ្វើដំណើរលើកដំបូងរបស់ លោក Blinken ទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីរដ្ឋាភិបាលលោក Bashar al-Assad ដួលរលំ។ លោក Blinken ត្រូវជួបរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan នៅថ្ងៃសុក្រនេះ៕

