ទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក បានស្ទាក់ចាប់បានដោយជោគជ័យនូវមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលបាញ់បង្ហោះតាមអាកាសក្នុងអំឡុងពេលធ្វើតេស្តលើកោះហ្គាំជាលើកដំបូង

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃអង្គារទី១០ ខែធ្នូថា ទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក បានស្ទាក់ចាប់បានដោយជោគជ័យនូវមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលបាញ់បង្ហោះតាមអាកាសក្នុងអំឡុងពេលធ្វើតេស្តលើកោះហ្គាំជាលើកដំបូង។
ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការសម្ញែងសមត្ថភាពការពារដែនអាកាសរបស់កោះនេះ។ ការធ្វើតេស្តធ្វើឡើងជិត៣ខែ បន្ទាប់ពីចិនទទួលស្គាល់ជាសាធារណៈ និងជាលើកដំបូងថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីប(ICBM) ចូលទៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក។
កោះហ្គាំ ជាទឹកដីរបស់សហរដ្ឋអាម៉េរិកនៅតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាបន្ទាយយោធាយុទ្ធសាស្ត្រមានទីតាំងនៅជិតប្រទេសចិនជាងកោះហាវ៉ៃ។ កោះនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាវត្តមានរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ និងសម្ញែងឥទ្ធិពលដាក់សត្រូវ។ ការសាកល្បងដ៏ជោគជ័យនេះ សរបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មន្ទីរបញ្ចកោណ ក្នុងការពង្រឹងការការពាររបស់កោះហ្គាំ ប្រឆាំងនឹងការគំរាមកំហែងមីស៊ីលដែលកំពុងវិវត្ត។
ក្នុងអំឡុងពេលនៃការធ្វើតេស្តនេះ ត្រូវបានគេដាក់ឈ្មោះថា បេសកកម្មសាកល្បងហោះហើរ-០២ (FEM-02) ជាប្រព័ន្ធការពារដែនអាកាស Aegis ដែលរួមបញ្ចូលជាមួយរ៉ាដា AN/TPY-6 និងប្រព័ន្ធបាញ់បង្ហោះបញ្ឈរថ្មី បានបាញ់មីស៊ីល SM-3 Block IIA ។ មីស៊ីលផលិតដោយក្រុមហ៊ុន RTX Corp ដែលពីមុនឈ្មោះ Raytheon បានស្ទាក់ចាប់បានដោយជោគជ័យនូវគោលដៅមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលបាញ់បង្ហោះតាមអាកាស នៅឯឆ្នេរសមុទ្ទនៃមូលដ្ឋានទ័ពអាកាស Andersen។
ប្រធានទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក លោកឧត្តមសេនីយ៍ឯក ហេត ខូលីន (Heath Collins) បានសាទរចំពោះការធ្វើតេស្តថា ជាកិច្ចខិតខំប្រឹងប្រែងជាក្រុមដ៏អស្ចារ្យ ដោយសង្កត់ធ្ងន់លើសារសំខាន់របស់វាក្នុងការធ្វើឱ្យមានសមត្ថភាពការពារដែនអាកាសយ៉ាងខ្លាំងក្លាសម្រាប់កោះហ្គាំ។
ការស្ទាក់ចាប់ដោយជោគជ័យ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ទូលំទូលាយមួយក្នុងការអភិវឌ្ឍប្រព័ន្ធការពារកោះហ្គាំ (GDS) មានគោលបំណងផ្តល់នូវប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នាឱ្យប្រសើរឡើង។ ទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក គ្រោងនឹងប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីការពិសោធនេះ ដើម្បីកែលម្អបន្ថែមនូវសមត្ថភាពការពារដែនអាកាសនាពេលអនាគត។
គួររំឭកថា នៅថ្ងៃទី២៥ ខែកញ្ញា ក្រសួងការពារជាតិចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ គឺមីស៊ីលផ្លោងមានសមត្ថភាពវាយប្រហារឆ្លងទ្វីប ត្រូវបានបាញ់បង្ហោះដោយកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន នៅម៉ោង៨ៈ៤៤នាទីព្រឹក (ម៉ោងនៅចិន)។
ក្រសួងបន្តថា ការបាញ់សាកល្បងនេះ ធ្វើឡើងស្របតាមផែនការបណ្តុះបណ្តាលប្រចាំឆ្នាំរបស់ខ្លួន ហើយមិនសំដៅទៅប្រទេស ឬគោលដៅណាមួយឡើយ។ មហាយក្សចិន បានជូនដំណឹងដល់ប្រទេសដែលពាក់ព័ន្ធជាមុន ប៉ុន្តែមិនបានបញ្ជាក់ពីគន្លងរបស់មីស៊ីល ឬកន្លែងជាក់លាក់ដែលមីស៊ីលទាំងនោះនឹងធ្លាក់នោះទេ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានចិន ស៊ីនហួរ។ នេះជាលើកទីមួយហើយ ដែលប្រទេសចិនប្រកាសជាសាធារណៈនូវការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីបប្រកបដោយជោគជ័យនៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក ក្នុងរយៈពេលជាង៤ទសវត្សរ៍៕

