គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រកាសទទួលសមាជិកថ្មីមកពីគណបក្សនានាចំនួន៤១៤នាក់

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សនានាដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៤១៤នាក់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមថា បងប្អូនដែលមានវត្តមាននៅទីនេះ សុទ្ធសឹងតែជាសមាជិកសមាជិកាគណបក្សផ្សេង ហើយបានសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ នេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដែលយើងត្រឡប់ មករួមរស់ក្នុងក្របខណ្ឌមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកសមាជិការហូតដល់ជាង៦លាននាក់ ហើយក៏ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះដែរ។
ឯកឧត្តម នួន ផារ័ត្នបានបន្ថែមទៀតថា នៅប្រទេសកម្ពុជាយើង មិនមានគណបក្សណាដែលកសាងសមិទ្ធផលជាច្រើន ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជន នៅផ្សាភ្ជាប់ជាមួយនឹងប្រជាជននៅគ្រប់កាលៈទេសៈ។ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានមន្ត្រី គណបក្សប្រជាជនចុះទៅជួយជានិច្ច ៕

