ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន វេរប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន៨ ក្នុងខេត្តតាកែវ

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយ ប្រជាពលរដ្ឋកម្ពុជា ក្នុងនាមជាពុទ្ធសានិក ដែលកំពុងរីករាយជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងដើម្បីចូលរួមក្នុងពិធីបុណ្យ ចូលព្រះវស្សានាឆ្នាំនេះ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានវេរប្រគេនទៀនព្រះវស្សា ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា ក្នុងវត្តចំនួន៨ ឋិតក្នុងខេត្តតាកែវ រួមមាន៖ ទី១.វត្តអង្គកំណប់, ទី២.វត្តប្រាសាទមានជ័យ, ទី៣.វត្តចកអណ្តែត, ទី៤.វត្តគោកកញ្ចាប, ទី៥.វត្តត្រពាំងបឹង, ទី៦.វត្តពោធិ៍រង្សី, ទី៧.វត្តពូនភ្នំ និងទី៨.វត្តភ្នំទំពែក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន បានថ្វាយផ្កាភ្ញីនិងបូជា ចំពោះពុទ្ធបដិមា ជាកិច្ចនឹក ដល់គុណបុណ្យ ព្រះរតនត្រ័យ និងបានធ្វើបទនមស្កា សមាទានសីលតាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ ដឹងនូវអនុត្តរៈ សម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកអោយ ពុទ្ធបរិស័ទ គ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។
ពុទ្ធឱវាទនិងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អអំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទានតម្កល់ទុកសំរាប់ អនាគតជាតិ ពិសេសនោះគឺការគោរពប្រតិបត្តិកម្មវិធីបុណ្យទានផ្សេងៗតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដូចជា ការវេរទៀនព្រះវស្សាប្រគេនព្រះសង្ឃ ក្នុងរដូវកាលចូលកាន់ព្រះវស្សា ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ក្នុងពេលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សានិងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលសាសនារបស់រដ្ឋ ឱ្យមានការរីកចំរើន និងគង់វង្ស គ្រប់៥ពាន់ព្រះវស្សា តាមកាលកំណត់នៃ ព្រះសម្មាសម្ពុទ្ធព្រះ បរមគ្រូនៃយើង។
លំដាប់អំពី ធ្វើបទនមស្កា សមាទានសីល រួចរាល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានវេរ ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ភេជ្ជៈ និងបរិក្ខាអម ប្រគេនព្រះសង្ឃទាំង៨វត្ត ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងព័ទ្ធសីមា។ គ្រឿងឧបភោគបរិភោគ ដែលជាសទ្ធាជ្រះថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន ដែលវេរប្រគេនដល់ព្រះសង្ឃចំនួន៨វត្ត ដោយក្នុង១វត្តៗរួមមាន៖ ទៀនព្រះវស្សាចំនួន ១គូ, អង្ករចំនួន ៥០គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខកំប៉ុង ១យួរ, ភេសជ្ជៈប៉ូវកម្លាំង ១កេសតូច និងបច្ច័យ ៥០ម៉ឺនរៀល។ ដោយឡែកឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ បានឧបត្ថម្ភជូនយាយជីតាជីប្រមាណជាង ១០០នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ៕

