ចូលរួមសោកស្តាយ! ដំរីឈ្មោលឈ្មោះ Kwaite នៃគម្រោងមណ្ឌលគិរី ស្លាប់ព្រោះវ័យចំណាស់

ភ្នំពេញ៖ ដំរីឈ្មោលឈ្មោះ Kwaite ដែលកំពុងរស់នៅក្នុង «គម្រោងមណ្ឌលគិរី» ឬMondulkiri Project ក្នុងខេត្តមណ្ឌលគិរី បានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនទ្រុឌទ្រោមយ៉ាងរហ័ស ដោយសារវ័យចំណាស់។ គម្រោងមណ្ឌលគិរី បានប្រកាសដំណឹងដ៏សោកសៅនេះ នៅថ្ងៃទី២៧ ខែកក្កដា។
«យើងសូមប្រកាសដំណឹងដ៏សោកសៅមួយ។ ដំរីឈ្មោល Kwaite របស់យើងបានទទួលមរណភាព»។ គម្រោងមណ្ឌលគិរី បញ្ជាក់ដូច្នេះ មុននឹងបន្តថា សុខភាពរបស់ Kwaite ធ្លាក់យ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សហើយ គ្រូពេទ្យសត្វ បានសន្មត់ថា Kwaite ស្លាប់ដោយសារវ័យចាស់ជរា។
Kwaite មានអាយុ ៥០ឆ្នាំ និងទើបតែត្រូវបានបញ្ជូនទៅរស់នៅក្នុងលក្ខខណ្ឌដ៏ប្រសើរមួយ ក្រោមការមើលថែរបស់ Mondulkiri Project ដែលស្ថិតក្នុងខេត្តមណ្ឌលគិរី មិនយូរប៉ុន្មាន នោះទេ បន្ទាប់ម្ចាស់របស់វា អស់លទ្ធភាពមើលថែ និងផ្តល់ចំណី។
បើតាមទំព័រហ្វេសប៊ុក Mondulkiri Project ម្ចាស់របស់ Kwaite មិនមានលុយគ្រប់គ្រាន់ដើម្បីជួលហ្ម ឱ្យមើលថែ ហើយក៏មិនមានលទ្ធភាពផ្គត់ផ្គង់ចំណីគ្រប់គ្រាន់ដល់វាដែរ។
Mondulkiri Project បានបន្ថែមថា «Kwaite ធ្លាប់ធ្វើការនៅក្នុងឧស្សាហកម្មកាប់ឈើ។ នៅសម័យខ្មែរក្រហម Kwaite ត្រូវបានកងទ័ពវៀតណាម ប្រើដើម្បីដឹកជញ្ជូនអាវុធធុនធ្ងន់» ៕

