គ្រួសារក្រីក្រ និងចាស់ជរា ៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត

ភ្នំពេញ៖ លោក លាង រឿនសុធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៥គ្រួសារ រស់នៅក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
នាឱកាសនោះ លោក ប្រធានកិត្តិយសអនុសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារក្រីក្រ និងចាស់ជរាដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលដែលមានភ្លៀងធ្លាក់សូមមេត្តាប្រុងប្រយ័ត្ន ផ្គររន្ទះ និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ។
អំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖- អង្ករ ២០គីឡូក្រាម, – មី ១កេស, – ទឹកត្រី ១យួរ, – ទឹកស៊ីអ៊ីវ ១យួរ, – ទឹកផ្លែឈើ៦កំប៉ុង, – ថវិកា មួយចំនួនផងដែរ ៕

