នាយឧត្តមសេនីយ៍ យន្ត មីន ជួបប្រតិភូបំប៉នសុខភាព កងទ័ពប្រជាជនឡាវ

ភ្នំពេញ៖ គណៈប្រតិភូសម្រាកបំប៉នសុខភាពកងទ័ពប្រជាជនឡាវមួយក្រុមដឹកនាំដោយ លោកវរសេនីយ៍ទោ សាក់លើម ថងខាំម៉ូន អនុប្រធាននាយកដ្ឋានអប់រំ និងបណ្តុះបណ្តាល វិទ្យាស្ថានការពារជាតិ កៃសន ព្រំវិហានបានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិនៅទីស្ដីការក្រសួង នាថ្ងៃទី ២៥ ខែមិថុនាឆ្នាំ២០២៤ ។
លោកវរសេនីយ៍ទោ សាក់លើម ថងខាំម៉ូន បានថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិនិងខ.ភ.មទាំងអស់ ដែលបានទទួលស្វាគមន៍ចំពោះ គណៈប្រតិភូរបស់លោកក្នុងពេលនេះ។លោកវរសេនីយ៍ទោបានបន្តទៀតថា៖វត្តមានរបស់ប្រតិភូលោកនាពេលនេះគឺមកសំរាកបំប៉នសុខភាពនិងធ្វើដំណើរទស្សនកិច្ចទីកន្លែងទេសចរណ៍មួយចំនួននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ថា៖សព្វថ្ងៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ពិសេសមានស្ថិរភាពនយោបាយ សង្គមនិងស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិហើយកម្ពុជាក៏ជាប្រទេសមួយដែលកំពុងស្រូបយកភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាដោយមានការកើនឡើងនូវចំនួនជារៀរាល់ឆ្នាំ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន ជួសមុខឱ្យ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ថ្នាក់ដឹកនាំក្រសួងទាំងអស់ បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ។
ឯកឧត្តម បានជូនពរចំពោះគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងការសំរាកបំប៉នសុខភាពរបស់ខ្លួននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ក៏បានលើកឡើងនូវចំណងសាមគ្គី ភាពមិត្តភាពរបស់កងទ័ពប្រជាជនទាំង២ កម្ពុជា.ឡាវ ដែលមានជាយូរលង់ណាស់មកហើយ ក្នុងការរួមគ្នាប្រយុទ្ធជាមួយសត្រូវ
រួមតាំងពីសម័យអាណានិគមនិយម រហូតមកដល់បច្ចុប្បន្ន កងទ័ពយើងទាំង២នូវតែមានចំណងសាមគ្គីភាពរឹងមាំ និងមានកិច្ចសហប្រតិបត្តិការជារៀងរហូត ហើយបានជួយគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូនជិតខាងគ្នា។

