សម្តេចធិបតី៖ សិស្សរបស់យើងមិនមែនរៀនដើម្បីតែអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយពិភពលោកទៀតផង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានដាក់អាទិភាពធំណាស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តោតទៅលើវិស័យសុខភាព និងការអប់រំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលអណត្តិទី៧ បាននិងកំពុងខិតខំពង្រឹងទៅលើមូលដ្ឋានអប់រំបន្ថែមទៀត ដោយបើកឱកាសឱ្យមានការចូលរួមពីវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស លើកទឹកចិត្តឱ្យមានការចាប់ដៃគ្នារវាងសកលវិទ្យាល័យ ឬគ្រឹះស្ថានអប់រំរបស់យើងជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីចែករំលែកបទពិសោធន៍ និងផ្ទេរចំណេះដឹង ព្រោះសិស្សរបស់យើងមិនមែនត្រឹមតែរៀនសម្រាប់កម្ពុជាទេ គឺរៀនសម្រាប់ត្រៀមកម្ពុជាឱ្យអាចប្រកួតប្រជែងជាមួយពិភពលោកទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៣០នាក់ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ៕

