អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច បើកកិច្ចប្រជុំផ្សព្វផ្សាយលើកទី១ ដល់អង្គភាពចំនួន ៦ លើលទ្ធផលនៃការវាយតម្លៃថវិការបស់អង្គភាពនីមួយៗ ប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ អង្គភាពចំនួន ៦ រួមមាន មន្ទីរពេទ្យកាល់ម៉ែត អាជា្ញធរជាតិអប្សរា គ្រឹះស្ថានអង្គរ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក និងបេឡាជាតិសន្តិសុខសង្គម បន្ទាប់ពីក្រុមការងារបច្ចេកទេសកែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាល នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះវាយតម្លៃលទ្ធផល នៃការអនុវត្តតាមលក្ខណវិនិច្ឆ័យអប្បបរមាប្រចាំឆ្នាំ២០២៣ រួចមក នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីជំនាញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើលទ្ធផលនៃការវាយតម្លៃលើកទី១ លើគ្រឹះស្ថានសាធារណៈរដ្ឋបាលរបស់ខ្លួន នៅសាលប្រជុំទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត ស្រី វុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា និងជាអនុប្រធានក្រុមការងារបច្ចេកទេសកែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីកំណត់លក្ខណៈវិនិច្ឆ័យអប្បបរមារបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល, កំណត់ពិន្ទុ និងនិទ្ទេសរបស់អង្គភាពនីមួយៗ ពិនិត្យលទ្ធផលនៃកិច្ចប្រជុំវាយតម្លៃ និងស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីរក្សាបានលំនឹងហិរញ្ញវត្ថុ និងការប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានអញ្ជើញចូលរួមពីបណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធ និងសមាជិក សមាជិកា សរុបប្រមាណជា ១០០រូប៕

