កម្ពុជារកចំណូលបានជិត១ពាន់លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករទៅកាន់ទីផ្សារក្រៅប្រទេស រយៈពេល៥ខែឆ្នាំនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ឱ្យដឹងថា កម្ពុជារកចំណូលបានជិត១ពាន់លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករសរុប២,៧លានតោន ទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៤នេះ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ការនាំចេញទាំងជាង២,៧លានតោន មានការនាំចេញស្រូវជាង២,៤លានតោន និងអង្ករចំនួនជាង៣០ម៉ឺនតោន។ ចំនួននេះធ្វើឱ្យកម្ពុជាប្រមូលចំណូលបានសរុបជិត១ពាន់លានដុល្លារ ដែលក្នុងនោះជាង២១៩លានដុល្លារ បានពីការនាំចេញអង្ករ និងជាង៧១០លានដុល្លារផ្សេងទៀត បានពីការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង។ អង្ករកម្ពុជាជាង៣០ម៉ឺនតោន ដែលបាននាំចេញ ត្រូវបានក្រុមហ៊ុន៤៩ផ្សេងគ្នានាំចេញទៅកាន់៦៣ប្រទេស ឬគោលដៅ។ ក្នុងនោះមាន ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ស្មើនឹងបរិមាណជាង១៣ម៉ឺនតោន គិតជាទឹកប្រាក់ជាង១០០លានដុល្លារអាម៉េរិក។ នាំចេញទៅកាន់២៧ប្រទេសនៅអាហ្រ្វិក មជ្ឈិមបូព៌ា ជាមួយនឹងបរិមាណជាង២ម៉ឺន៧ពាន់តោន គិតជាតិទឹកប្រាក់ជិត២៣លានដុល្លារ។
បន្ទាប់មកអង្ករកម្ពុជាចូលទៅក្នុងទីផ្សារចិន មានប្រមាណ៧ម៉ឺន៣ពាន់តោន គិតជាទឹកប្រាក់ជាង៤៦លានដុល្លារ។ អង្ករកម្ពុជាក៏ត្រូវបាននាំចេញទៅប្រទេសភូមិផងរបងជាមួយគ្នា និងក្នុងតំបន់អាស៊ានជារួមផងដែរ ពោលគឺបាននាំចេញ៦ម៉ឺន៥ពាន់តោន មានទឹកប្រាក់សរុបជាង៤៦លានដុល្លារ។ ក្នុងចំណោមប្រភេទអង្ករផ្សេងៗគ្នាជាច្រើន កម្ពុជាបាននាំចេញអង្ករក្រអូមច្រើនជាងគេដល់ទៅជាង៧០ភាគរយ បន្ទាប់មកអង្ករ-សគ្រាប់វែង មានជិត២៥ភាគរយ អង្ករចំហ៊ុយ២,៤ភាគរយ និងអង្ករសរីរាង្គ ១,៤ភាគេយ។ នេះបើតាមរបាយការណ៍ដដែលរបស់សហព័ន្ធស្រូវអង្ករ។
សូមជម្រាបថា កម្ពុជាកំពុងស្វែងរកទីផ្សារបន្ថែមទៀត សម្រាប់ការនាំចេញអង្ករកាន់តែច្រើនទៅកាន់សហរដ្ឋអាម៉េរិក ដោយកាលពីពេលថ្មីៗនេះ ភាគីកម្ពុជាទើបបានជួបជាមួយក្រុមហ៊ុន Otis McAllister ជាក្រុមហ៊ុនប្រមូលទិញ និងលក់អង្ករ និងគ្រាប់ធញ្ញជាតិនៅសហរដ្ឋអាម៉េរិក។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់ក្រុមហ៊ុននាំចេញអង្ករធំៗចំនួន១៦ ដែលជាសមាជិកនៃសហព័ន្ធស្រូវអង្ករ ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់កិច្ចព្រមព្រៀងនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក ក្នុងពេលឆាប់ៗខាងមុខ។
ក្រុមហ៊ុនអាម៉េរិកខាងលើ ចាំបាច់ត្រូវត្រួតពិនិត្យស្ដង់ដារផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវ កម្ពុជាជាមុនសិន មុននឹងយល់ព្រមទិញអង្ករកម្ពុជា សម្រាប់ទីផ្សារសហរដ្ឋអាម៉េរិក។
ទោះយ៉ាងណា លោកបានបដិសេធ មិន ទាន់ បញ្ចេញ ព័ត៌មាន ណា មួយ អំពី កិច្ច ព្រម ព្រៀងរវាងអាម៉េរិក នេះ នៅ ឡើយ ទេ ដោយអះអាងថា វា ជា បញ្ហា ផ្ទៃ ក្នុង របស់ ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអាម៉េរិកនៅឡើយ។ លោកគ្រាន់តែបង្ហើបថា មកទល់នឹងពេលនេះ មាន ក្រុមហ៊ុន ពីរ ដែល មាន លក្ខណៈ សម្បត្តិ តាម ស្ដង់ដារ ទីផ្សារ អាម៉េរិក ប៉ុន្តែលោក សុំ មិន បញ្ចេញ ឈ្មោះ ក្រុមហ៊ុនទេ។
គួរជម្រាបថា កម្ពុជា បាន នាំ អង្ករ ចេញ ទៅ អាម៉េរិក ក្នុង បរិមាណ ទាបប៉ុណ្ណោះ ចន្លោះ ពី២០០០ទៅ៣០០០តោន ក្នុង មួយ ឆ្នាំ ប៉ុន្តែ ប្រសិន បើ ក្រុមហ៊ុន Otis McAllister យល់ព្រម ទិញ អង្ករ កម្ពុជា វា នឹង កើន ឡើងពី៥០០០ទៅ២ម៉ឺន តោន ក្នុង មួយ ឆ្នាំ។ សូមបញ្ជាក់ថា បរិមាណ២ម៉ឺនតោននេះ ជាចំនួនដែលកម្ពុជាអាចផ្គត់ផ្គង់បាន៕

