ឯកឧត្តម ទេព ធន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាយ-ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣

ភ្នំពេញ៖ គណៈប្រតិភូ ដឹកនាំដោយឯកឧត្តម ទេព ធន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាយ-ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ។
ក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅ របស់យោធិនទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធគ្រប់ទីកន្លែង។
ឯកឧត្តមបានសម្ដែងនូវការកោតសរសើរចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរ:ភាពរបស់យោធិន ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ របស់យើងមានការរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះដែរ ឯកឧត្តម ទេព ធន សូមជូនពរដល់យោធិនទាំងអស់ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិសូមប្រកបដោយពុទ្ធពរជ័យ ទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម រដ្ឋលេខាធិការ ព្រមទាំងគណៈប្រតិភូ ក៏បាននាំយកថវិកាដ៏ថ្លៃថ្លា របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នូវថវិកា ១០លានរៀល សម្រាប់អង្គភាព និង ៩២លានទៀតសម្រាប់យោធិន ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០៛ ផងដែរ។
ក្នុងនោះដែរ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្តម ថេង ច័ន្ទសង្វាររដ្ឋលេខាធិការ ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ ៕

