អភិសន្តិបណ្ឌិត ស សុខា អញ្ជើញរៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈឡាវ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញរៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៅសណ្ឋាគារ សុខាភ្នំពេញ។
សូមជម្រាបជូនផងដែរថា នារសៀលថ្ងៃទី១៤ ខែមីនា នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនាឱកាសនោះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕

