មេបញ្ជាការយោធភូមិភាគទី១៖ កងទ័ពត្រូវប្តេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ អង្គភាពយោធភូមិភាគទី១ មានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០២៣ និង ផ្សព្វផ្សាយទិសដៅការងារយោធាឆ្នាំ ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ ។
ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨បានថ្លែងនូវ បានធ្វើសេចក្តីរាយការណ៍សង្ខេបពីសកម្មភាពការងាររបស់អង្គភាពក្នុងឆ្នាំ ២០២៣ កន្លងទៅនេះថា៖ កងពលតូចអន្តរាគមន៍លេខ១២៨បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជារបស់ មេបញ្ជាការយោធភូមិភាគទី១ ដោយធ្វើសកម្មភាពយាមល្បាត ជាប្រចាំ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា.ឡាវ ស្ថិតក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ សហការការពារសន្តិសុខ សហការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ។ ចុះជួយប្រជាពរដ្ឋជួបការលំបាក ជួយសាងសង់ផ្ទះ ជួយដកស្ទូង ច្រូតកាត់បោកបែន ។ ជួយគ្រួសារយោធិនជួបប្រទះការលំបាក។ ចាត់តាំងការហ្វឹកហ្វឺនរៀនសូត្រ យោធា អប់រំចិត្តសាស្ត្រនៅនឹងកន្លែង ។ យកចិត្តទុកដាក់កសាងជំរំ ជម្រករស់នៅនិងធ្វើការងារជូនយោធិន ។ សហការជាមួយ អាជ្ញាធរមូលដ្ឋាន ជុំវិញទីតាំងដែលអង្គភាពឈរជើង ការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្ត ។
បន្ទាប់មកគណៈអធិបតី បានអញ្ជើញជាកិត្តិយ បំពាក់គ្រឿង ឥស្សរិយយស មេដាយការងារ ជូនប័ណ្ណសរសើរលិខិតសរសើរ ដល់អង្គភាព និងបុគ្គលមានស្នាដៃក្នុងការបំពេញភារកិច្ចជូនជាតិ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានថ្លែងនូវការកោតសរសើរចំពោះលទ្ធផលជាស្នាដៃ ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់នាយទាហាន នាយទាហានរង ពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨សំរេចបានក្នុងឆ្នាំ ២០២៣ កន្លងមក ។ ឯកឧត្តមបានគូសបញ្ជាក់ពីសភាពការណ៍ ដែលកើតមានឡើងទាំងក្នុង និង ក្រៅប្រទេស មួយចំនួនជូនដល់អង្គពិធី ។
ឯកឧត្តមបានផ្តាំផ្ញើសូមឲ្យមេបញ្ជាការគ្រប់កងឯកភាព បន្តពង្រឹងវិន័យរបស់កងទ័ព យកចិត្តទុកដាក់កសាងធនធានមនុស្ស កសាងនិងពង្រឹងអង្គភាពលើគ្រប់វិស័យ បង្កើនការងាហ្វឹកហ្វឺនរៀនសូត្រ ថែរក្សាឲ្យបានម៉ឺងម៉ាត់ អាវុធយុទ្ធភ័ណ្ឌ សំភារៈបរិក្ខារ គ្រឿងចក្រ ដែលបានបំពាក់ ថែរក្សាការពារបណ្តាឃ្លាំងឲ្យបានគត់ហ្មត់ យកចិត្តទុកដាក់បង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះបន្លែបង្កា រួមចំណែកដោះស្រាយជីវភាពរស់នៅរបស់កងទ័ពឲ្យបានល្អ ជាពិសេសយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កងទ័ព។
ឯកឧត្តម បានសង្កត់ធ្អន់ថា៖ កងទ័ពត្រូវប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានរីកចំរើនរឹងមាំជានិច្ចនិរន្តន៍ តរៀងទៅ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បាននាំយកអំណោយរបស់យោភូមិភាគទី១ ជាថវិការចំនួន២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនចំពោះវរសេនាធំលេខ៤២ផងដែរ ។

