អគ្គីភ័យក្នុងអំឡុងបុណ្យចូលឆ្នាំចិន កើតឡើង១៣លើក ឆេះផ្ទះចំនួន៩ខ្នង

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំចិនឆ្នាំ២០២៤នេះ មានករណីអគ្គីភ័យកើតឡើងចំនួន១៣ ករណី ដែលករណីទាំងនេះគឺមានដូចគ្នា បើគេធៀបទៅនឹងឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា ករណីអគ្គីភ័យទាំង១៣លើកបានបណ្តាលឱ្យ ឆេះផ្ទះចំនួន០៩ខ្នង បន្ទប់ចំនួន២បន្ទប់ ម៉ូតូ៣គ្រឿង ផ្ទះសិប្បកម្ម១ខ្នង។ ក្នុងនោះមូលហេតុបណ្តាលឱ្យឆេះមកពី ឆ្លងចរន្តអគ្គិសនីចំនួន ៦លើក ប្រើប្រាស់ភ្លើងចំនួន៥លើក និង២ករណីទៀតមន្ត្រីជំនាញរកមូលហេតុមិនឃើញឡើយ។ ដោយឡែកមិនមានអ្នកស្លាប់ និងរបួសក្នុង គ្រោះអគ្គិភ័យទាំង៣ថ្ងៃនេះទេ។
គួររំឭកថា ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ក៏ធ្លាប់បានបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នទៅលើករណីអគ្គីភ័យដែលអាចនឹងកើតឡើង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដោយស្នងការរាជធានីភ្នំពេញ ហាមដាច់ខាតមិនឱ្យដុតផាវ បាញ់កាំជ្រួច និងឱ្យប្រុងប្រយ័ត្នលើការដុតទៀន ធូប ក្រដាសសែនជាដើម ដែលទង្វើទាំងអស់នេះស្នងការរាជធានីភ្នំពេញយល់ថាអាចនឹងបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕
