នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងអាកាស

ភ្នំពេញ ៖ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាព ក្នុងអង្គសិក្ខាសាលាបូកសរុបលទ្ធផលការ ងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅរសៀលថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងអាកាស ដែលបានបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ និងសម្រេចបានស្នាដៃ សមិទ្ធផលជាច្រើន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលប្រសូតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ បានបន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ។
«ដោយឡែកលើវិស័យការពារជាតិ ការកសាងកងយោធពលខេមរភូមិន្ទ ឱ្យក្លាយជាកម្លាំងរៀបរយ មានប្រសិទ្ធភាពក្នុងការប្រយុទ្ធ និងស្រួចស្រាល់ ចាំបាច់ត្រូវធ្វើទំនើបកម្មជាអាទិភាពដល់ទ័ពជំនាញមួយចំនួន »។ នេះជាការបញ្ជាក់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ។
ឯកឧត្តមអគ្គមេបញ្ជាការបន្តថា ការកសាងកម្លាំងការពារអាកាស ឱ្យក្លាយទៅជាកម្លាំងមួយដែលមានលក្ខណៈទំនើប ទាន់សម័យ គឺជាគោលដៅដ៏ធំចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឆ្លើយតបតាមសំណូមពរភារកិច្ចប្រយុទ្ធ ការពារជាតិមាតុភូមិ នៅក្នុងដំណាក់កាលថ្មីនាពេលបច្ចុប្បន្ន ។ ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងពីសារៈសំខាន់ របស់អង្គសិក្ខាសាលាថ្ងៃនេះ ដែលជាឱកាសក្នុងការរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងអនុសាសន៍ល្អៗ កែលម្អចំណុចខ្វះខាត និងរកឱ្យឃើញបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយសម្រាប់ជាត្រីវិស័យតម្រង់ទិស និងដាក់ចេញវិធានការគន្លឹះ សំដៅសម្រេចបានស្នាដៃជាច្រើនទៀតក្នុងឆ្នាំ២០២៤ ។
ឯកឧត្តម បានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងអាកាស ក៏ដូចជាកងយោធពលខេមរភូមិន្ទ ឱ្យបន្តខិតខំបំពេញការកិច្ចទទួលបានជោគជ័យថែមទៀត រួមចំណែកបង្កើនល្បឿនកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យកាន់តែទំនើប រៀបរយ មានវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់ ៕
