ឯកឧត្តម មាស សុខសេនសាន៖ កម្ពុជាមានគោលការណ៍គន្លឹះធំៗចំនួន៥ ក្នុងការខ្ចីបំណុលបរទេស ដើម្បីយកមកវិនិយោគលើហេដ្ឋារចនាសម្ព័នផ្សេងៗឱ្យកាន់តែទំនើប

ភ្នំពេញ៖ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជាមានគោលការណ៍គន្លឹះធំៗចំនួន៥ ក្នុងការខ្ចីបំណុលបរទេស ដើម្បីយកមកវិនិយោគលើហេដ្ឋារចនាសម្ព័នផ្សេងៗឱ្យកាន់តែទំនើប ក្នុងការទាក់ទាញវិនិយោគិនពីបណ្តាប្រទេសផ្សេងៗ ឱ្យមកទស្សនាកម្សាន្តនិងមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ។
ឯកឧត្តម មាស សុខសេនសាន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជាត្រូវការវិនិយោគបន្ថែម ទៅលើហេដ្ឋារចនាសម្ព័ន្ធទំនើបៗ ដើម្បីត្រៀមលក្ខណៈទទួលការវិនិយោគពីបរទេស ព្រោះបើកម្ពុជាមិនធ្វើអ្វីសោះ ក៏មិនអាចទាក់ទាញលំហូរវិនិយោគពីបរទេសបាននោះដែរ ។ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធដែលបាននិងកំពុងលេចឡើង មានដូចជា ៖ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែអន្តរជាតិ និងផ្លូវធំៗជាច្រើន ដែលនេះសុទ្ធសឹងតែជាផ្នែកមួយ នៃការទាក់ទាញវិនិយោគិនបរទេសឱ្យសម្លឹងមើលកម្ពុជា និងងាកមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់។
ឯកឧត្តមបានបន្តថា ចំពោះការខ្ចីបំណុលពីបរទេសនេះ កម្ពុជាមានគោលការណ៍ច្បាស់លាស់ជាច្រើន ដោយចំណាយផ្តោតសំខាន់ទៅលើវិស័យអាទិភាពនិងការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើបៗ ប្រកបដោយតម្លាភាព គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត ដែលធ្វើឱ្យកម្ចីទាំងនោះ ស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន និងមានហានិភ័យទាប មិនដូចអ្វីដែលក្រុមជ្រុលនិយមបានឃោសនាបំភ័យប្រជាជន ពាក់ព័ន្ធនឹងបំណុលសាធារណៈរបស់កម្ពុជានោះទេ ។ ជាងនេះទៅទៀត សម្រាប់ចំណូលដែលប្រមូលបាននៅក្នុងប្រទេស គឺសម្រាប់ចំណាយទៅលើប្រាក់បៀវត្សមន្រ្តីរាជការ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនប៉ុណ្ណោះ ។ « ខ្ញុំចង់បញ្ជាក់សម្រាប់គោលការណ៍កម្ពុជាគឺច្បាស់លាស់ណាស់ យើងមានគោលការណ៍ប្រាំ និយាយដោយ សាមញ្ញគោលការណ៍៥នោះ គឺខ្ចីទាល់តែយើងមានថវិកាដែលអាចទប់ការចំណាយឬទប់ការសងនោះវិញបាន មួយវិញទៀតគឺយើងខ្ចីនៅក្នុងសម្បទានខ្ពស់ឬការអនុគ្រោះខ្ពស់ពីដៃគូដោយមានការប្រាក់ទាប ហើយទី៣នោះ គឺយើងយកបំណុលមកនោះ ដើម្បីប្រើប្រាស់លើវិស័យអាទិភាពជាច្រើន ដែលរួមមាន៖ វិស័យសង្គមកិច្ច អប់រំ សុខាភិបាល ដែលនេះគឺសុទ្ធសឹងតែជាវិស័យអាទិភាព គឺយើងយកមកសម្រាប់ចំណាយទៅលើវិស័យអាទិភាពទាំងអស់នោះ មួយវិញទៀតគឺតម្លាភាព និងចុងក្រោយនោះ គឺសម្រាប់យកទៅប្រើប្រាស់លើការវិនិយោគ » ។
សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាមានបំណុលសាធារណៈសរុប ១០.២៧ពាន់លានដុល្លារ ដែលក្នុងនោះជំពាក់បំណុលបរទេស ១០.២៣ពាន់លានដុល្លារ និងបំណុលក្នុងប្រទេសចំនួន ៤២.៤៥លានដុល្លារសហរដ្ឋអាមេរិក៕
