នាយករដ្ឋមន្ត្រី ផ្តល់រង្វាន់លើកទឹកចិត្ត នូវហ្គាឡាក់ស៊ីថែប កាក់រូបហង្ស សៀវភៅអាន និងថវិកា ២លានរៀល ដល់សិស្សនិទ្ទេស A ១៦៩១នាក់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ១៦៩១នាក់ ដោយក្នុងម្នាក់ៗទទួលបានកាក់រូបហង្សចំនួន១, សៀវភៅអានមួយប្រអប់ ដែលមានសៀវភៅក្រមង៉ុយមួយក្បាល និងសៀវភៅបណ្ឌិតអ៊ូចុងមួយក្បាល, ហ្គាឡាក់ស៊ីថែបមួយគ្រឿង និងថវិកា២លានរៀល។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន១៦៩១នាក់ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតីមានប្រសាសន៍ថា ការផ្តល់ជូននូវរង្វាន់ដល់សិស្សនិទ្ទេស A នេះ គឺជាការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងការខិតខំរៀនសូត្ររបស់បេក្ខជនទាំងអស់រហូតទទួលបាននិទ្ទេសA ។
សម្តេចក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរៀនសូត្ររបស់ក្មួយៗទាំងអស់រហូតទទួលបាននិទ្ទេសA និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំទាំងអស់ គ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី មាតាបិតាអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកដល់ការសម្រេចបានជោគជ័យនេះ»។
សម្តេចធិបតី បានប្រកាសផ្តល់ជូន នាយក និងនាយិកា របស់គ្រឹះស្ថានសិក្សាដែលចូលរួម កម្មវិធីព្រឹកនេះ ចំនួន ៤២៨នាក់ ដោយម្នាក់ៗទទួលបាននូវប្រាក់មាសស្លឹង្គចំនួន១ សៀវភៅអានមួយប្រអប់ និងថវិកាចំនួន ១លានរៀល ព្រមទាំងផ្តល់ថវិកាសម្រាប់សាលាទាំង៤២៨ ចំនួន៣លានរៀលក្នុងមួយសាលាផងដែរ ៕
