សម្តេចធិបតី៖ ១១ខែ ឆ្នាំនេះ ទំហំពាណិជ្ជកម្មអន្តរជាតិ មានទឹកប្រាក់ជាង ៤៣ពាន់លានដុល្លារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេចបានជាង ៤៣ពាន់លានដុល្លារ ដែលក្នុងនោះការនាំចេញសរុបមាន ២១ ៩៩២,៤០លានដុល្លារ កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល ១១ខែឆ្នាំ២០២២។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្ម ឆ្នាំ២០២៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលការងារចម្បងៗដូចជាការចរចាបើកច្រក ទីផ្សារពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ ការកសាងធនធានមនុស្ស ការកែលម្អការផ្តល់សេវាសាធារណៈ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការកសាងលិខិតបទដ្ឋានច្បាប់ពាណិជ្ជកម្ម កិច្ចការពារអ្នកប្រើប្រាស់ ការចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការលើកកម្ពស់សុខុមាលភាពជូនប្រជាជន តាមរយៈការរក្សាបាននូវស្ថិរភាព និងសន្តិសុខស្បៀង ដែលសមិទ្ធិផលទាំងនេះបានរួមចំណែកយ៉ាងធំធេងដល់ការជំរុញកំណើនសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ និងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី៦ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ៕
