ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប្រឡងជាប់បាក់ឌុប ក្នុងស្រុកបវេល

បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា ២០២៣ នៅបរិវេណសាលាស្រុកបវេល ។
មានប្រសាសន៍ក្នុងអង្គពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចក្រឡាហោម ស ខេង ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនដល់គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សផងដែរ ។
ថ្លែងក្នុងពិធីនោះដែរឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែង រៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជនធនធានមនុស្ស ចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។ លើសពីនោះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏ណែនាំឲ្យសិស្សានុសិស្ស ដែលទទួលបានអាហារូបករណ៍របស់ឯកឧត្ដម ត្រូវខិតខំក្រេបយកចំណេះដឹង ដើម្បីយកមកចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាប្រទេសជាតិ ។
ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានណែនាំក្រើនរំលឹក ដល់កូនក្មួយសិស្សានុសិស្សទាំងអស់ មិនថានតែនៅក្នុងស្រុកបវេលប៉ុណ្ណោះ ពោលគឺនៅទូទាំងប្រទេសកម្ពុជា ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀននេះ មិនត្រឹមតែបំផ្លាញខ្លួនប៉ុណ្ណោះទេ វាថែមទាំងបំផ្លាញដល់ក្រុមគ្រួសារ និងសង្គមជាតិទៀតផង ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់សិស្សដែលប្រឡងជាប់បាក់ឌុប ដែលក្នុងនោះ និទ្ទេស A កុំព្យូទ័រ ១គ្រឿង , និទ្ទេស B ម្នាក់ ១០ម៉ឺនរៀល, និទ្ទេសCនិងE ម្នាក់ ៥ម៉ឺនរៀល ។ ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់គណៈគ្រប់គ្រងសាលា ៥នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ក៏លើកឡើងពីគោលនយោបាយអាទិភាព ៦ចំណុច ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានដូចខាងក្រោម៖
ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។
ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។
ទី៣៖ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិ ឬហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនឹងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។
ទី៥៖ ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។
ទី៦៖ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបវេល តែងតែខិតខំស្វះស្វែងរកអាហារូបករណ៍ជូនប្អូនៗដែលទើបប្រឡងជាប់ ក៏ដូចជាយុវជនរបស់យើងដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យនានាក្នុងខេត្តក៏ដូចជាទីក្រុងភ្នំពេញផងដែរ អាហារូបករណ៍ទាំងនោះបានមកពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ចំនួន ១២០ កន្លែង សម្រាប់ខេត្តបាត់ដំបង លើមហាវិទ្យាល័យ ៦ គឺ សាកលវិទ្យាល័យជាតិបាត់ដំបង សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) សកលវិទ្យាល័យឌូវី(DEWY) សកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) សាកលវិទ្យាល័យព្រះសីហនុរាជ និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាអាហារូបករណ៍របស់សម្តេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សិស្សថ្នាក់ទី១២នៃវិទ្យាល័យបវេល និងវិទ្យាល័យល្វា សរុបមាន ៦៨៦ នាក់ ស្រីចំនួន ៤០៤ នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ សរុបចំនួន ៤៧៣ នាក់ ស្រីចំនួន ២៩៩ នាក់ ក្នុងនោះនិទ្ទេស A សរុប 05 នាក់ ស្រី 05 នាក់ និទ្ទេស B សរុប 25 នាក់ ស្រី 19 នាក់ និទ្ទេស C សរុប 71 នាក់ ស្រី 49 នាក់ និទ្ទេស D សរុប 170 នាក់ ស្រី 110 នាក់ និងនិទ្ទេស E សរុប 202 នាក់ ស្រី 116 នាក់ ស្មើនឹង ៦៨.៩៥% បើធៀបនឹងថ្នាក់ខេត្ត ៦៧.១៣% ខ្ពស់ជាង ១.៨២ % ហើយបើធៀបនឹងថ្នាក់ជាតិ ៧២.៨៩% ក្រោម ៣.៩៤% ហើយបើធៀបទៅនឹងឆ្នាំសិក្សា២០២២-២០២៣ ៧១.៩៤% យើងថយចុះ ២.៩៩% ។ ទន្ទឹមនឹងនេះដែរ បើប្អូនៗ ដែលទើបប្រឡងជាប់សញ្ញាបត្រមានបំណងចង់បានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ១០០% សូមទំនាក់ទំនងមកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបវេល និងឃុំផ្ទាល់របស់ប្អូនក៏បាន ៕

