អនុប្រធានគណៈកម្មាធិការ យោធាមជ្ឈិមបក្ស នៃសាធារណរដ្ឋប្រជាមានិតចិន បំពេញទស្សនកិច្ច នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង ( He Weidong ) អនុប្រធាន គណៈកម្មាធិការយោធាមជ្ឈិមបក្ស នៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានពិភាក្សាអំពីទំនាក់ទំនងមិត្តភាព ចិន-កម្ពុជា ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃព្រះរាជាណាចក្រកម្ពុជា និងចិន គឺជាទំនាក់ទំនងសំខាន់ ដោយខិតខំអនុវត្តអោយបានល្អ និងជំរុញសហប្រតិបត្តិការកងទ័ពទាំងពីរអោយកាន់តែមានកម្រិតខ្ពស់ ។
ក្នុងជំនួបពិភាក្សានេះ សមភាគីទាំងពីរ បានបង្ហាញនូវមោទនភាពចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ក្នុងប្រវត្តិសាស្ត្រជាមួយគ្នាយូរលង់ណាស់មកហើយ ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានបន្តពង្រឹង និងពង្រីកការទំនា់ទំនង កិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។
ជាក់ស្តែងថ្មីៗនេះ ក្នុងឱកាសនៃការចូលរួម វេទិការខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង របស់សាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានឯកភាពកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានលើវិស័យទេសចរណ៍ និងការតភ្ជាប់រវាង ប្រទេស និងប្រទេស។ ដោយផ្អែកលើមូលដ្ឋាននេះ យើងសង្ឃឹមថាភ្ញៀវទេសចរណ៌ចិន នឹងមានការកើនឡើង ជាពិសេសការអញ្ជើញមកទស្សនានៅខេត្តសៀមរាប ។
ចំពោះវិស័យយោធា ក៏មានការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ ក្នងការបណ្តុះបណ្តាលធនធានមនុស្ស ដោយយោធភូមិភាគទី៤ ក៏ធ្លាប់បានបញ្ជូន នាយទាហាន ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនសរុបចំនួន ៧៧នាក់ និង ១១ជំនាញ រួចមកហើយ។ ហើយបច្ចុប្បន្ន នាយទាហានទាំងនេះ បាននឹងកំពុងបំពេញភារកិច្ច នៅក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបណ្តាអង្គភាពចំណុះយោធភូមិភាគទី៤។
ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះ បានធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន និងរឹងមាំ ជាពិសេសបានធ្វើឱ្យ យោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងអនុប្រធាន គណៈកម្មាធិការយោធាមជ្ឈិមបក្ស នៃសាធារណរដ្ឋប្រជាមានិតចិន បានស្គាល់គ្នា និងផ្សាភ្ជាប់នូវមនោសញ្ចេតនាជាមិត្តភាព មេត្រីភាពជាមួយគ្នាយូរអង្វែងទៅថ្ងៃអនាគត់។
