បេក្ខជនដែលមានវ័យចាស់ជាងគេឈ្មោះ ហែម ស៊ីណាត ប្រឡងធ្លាក់បាក់ឌុប

ភ្នំពេញ៖ ពិតជាសោកស្ដាយដែលបេក្ខជនមានវ័យចាស់ជាងគេឈ្មោះ ហែម ស៊ីណាត អាយុ៥៨ឆ្នាំ បានប្រឡងធ្លាក់ក្នុងការចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ។
យោងតាមលិខិតបង្ហាញលទ្ធផលប្រឡងបាក់ឌុប សម្រាប់ខេត្តបន្ទាយមានជ័យ អ្នកស្រី ហែម ស៊ីណាត មានលេខបន្ទប់២០ និងអង្គុយតុលេខ៤៨៩ មិនបានជាប់នោះទេ(និទ្ទេសF)។ នេះជាឆ្នាំទី២សម្រាប់អ្នកស្រីហើយដែលបានពាក្យប្រឡងបំពេញវិជ្ជា ហើយបានធ្លាក់ទាំង២ឆ្នាំជាប់គ្នា ។
យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ១.៦៧៣ នាក់, និទ្ទេស B ចំនួន ៦.៩៦៤ នាក់, និទ្ទេស C ចំនួន ១៨.៣០៨ នាក់, និទ្ទេស D ចំនួន ៣៤.២៤៦ នាក់ និងនិទ្ទេស E ចំនួន ៣៧.២៦៩ នាក់ ៕
