សម្តេចធិបតី ជំរុញឱ្យក្រសួងរៀបចំដែនដី ពន្លឿនការចុះបញ្ជីដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពន្លឿនការចុះបញ្ជីដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋជាង ៧លានក្បាលដី ដើម្បីឱ្យពួកគាត់កាន់កាប់ដីធ្លីស្របច្បាប់។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណ ១៥,១៩៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេច បានឯកភាព និងបានដាក់គោលការណ៍ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិតខំពន្លឿនការចុះបញ្ជីក្បាលដីឱ្យបានរួចរាល់ ដើម្បីអាចប្រើប្រាស់ និងទាញយក ប្រយោជន៍ ពីដីធ្លីឱ្យអស់សក្តានុពល ជាពិសេសកាត់បន្ថយបញ្ហាវិវាទដីធ្លីផងដែរ។
សម្តេចធិបតី ក៏បានជំរុញឱ្យប្រើគ្រប់មធ្យោបាយ និងប្រើកម្លាំងសរុបទាំងថ្នាក់កណ្តាល ទាំងថ្នាក់ខេត្ត ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋឱ្យបានឆាប់ និងធានាបាននូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ជាឯកសារនិងជាភស្តុតាងរឹងមាំ ចំពោះមុខច្បាប់ ក្នុងករណីមានទំនាស់ដីធ្លីកើតឡើង។
«ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញនយោបាយរបស់យើង ពីដើមឡើយប្រជាពលរដ្ឋដែលមានកម្មសិទ្ធដីធ្លីមុនសង្រ្គាមមិនសូវមាន ភាគប្រជាពលរដ្ឋមានសិទ្ធកាន់កាប់អាស្រ័យផលតែប៉ុណ្ណឹងទេ តែបើឱ្យគាត់មានកម្មសិទ្ធិជាឯកជនអាចលក់ដូរបន្ត ឬអាចយកទៅធ្វើអីគឺអត់មានទេ យើងចាប់ផ្តើមរុញ។ កាលពីឆ្នាំ២០១១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយវាស់វែងដីធ្លី គោលនយោបាយចាស់សកម្មភាពថ្មី យើងវាស់វែងបានច្រើនផងដែរ ហើយបន្តធ្វើឥឡូវនៅសល់ដែលយើងវាស់ហើយ ជាង៧លានក្បាលដី ដោយសារចាប់ផ្តើមបញ្ចេញក្បាលដីហើយត្រូវវាស់បន្ថែម។ យើងបញ្ចេញ ២លានក្បាលដី ហើយនៅសល់ ៥លានក្បាលដីទៀតដែលត្រូវចាត់វិធានការ ដើម្បីចេញធ្វើយ៉ាងម៉េចជំរុញកិច្ចការងារឱ្យបានលឿន ឥឡូវនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលការណ៍យុទ្ធសាស្ត្រខ្ញុំបានឯកភាពផ្តល់គោលការណ៍ ប្រើប្រាស់កម្លាំងសរុបតាំងពីថ្នាក់កណ្តាលទាំងថ្នាក់ខេត្ត ដើម្បីធ្វើយ៉ាងណាចុះមកបែងចែកឱ្យបងប្អូនឆាប់បានកម្មសិទ្ធិ គាត់យកទៅប្រើប្រាស់ ឱ្យលឿនកុំឱ្យកកស្ទះ» ៕
