ដំរីឈ្មោះ សំបូរ ដែលស្គាល់ជាទូទៅថា ដំរីវត្តភ្នំ ត្រូវបានរៀបចំពិធីបុណ្យសព តាមបែបខ្មែរផង និងជនជាតិដើមភាគតិចព្នងផង

ភ្នំពេញ៖ ពិធីបុណ្យសព «ដំរីសំបូរ» ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២០ តុលា ឆ្នាំ២០២៣នេះ តាមបែបប្រពៃណីខ្មែរផង និងជនជាតិដើមភាគព្នងផង ដើម្បីឧទ្ទិសកុសលបុណ្យជូនវិញ្ញាណក្ខន្ធដំរីរបស់កម្ពុជាមួយនេះ។
ពិធីបុណ្យសពនេះដែរត្រូវបានរៀបចំដោយអង្គការ ELIE ដែលជាអង្គការមើលថែទាំដំរីសំបូរកាលនៅមានជីវិត នាភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
គួរជម្រាបថា ដំរីសំបូរបានស្លាប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយសារតែជំងឺធ្មេញ ក្រោយពេលចូលនិវត្តន៍៩ឆ្នាំពីការបម្រើវិស័យទេសចរណ៍។
មុនចាកចេញទៅខេត្តមណ្ឌលគិរី ដំរីសំបូររស់នៅរាជធានីភ្នំពេញបានជាង ២០ឆ្នាំ ដែលគ្រប់គ្នាធ្លាប់ឃើញភ្ញៀវទេសចរជិះលេងកម្សាន្តនៅតាមរមណីយដ្ឋានវត្តភ្នំ មុខព្រះបរមរាជវាំងជាដើម៕
