នាយឧត្តមសេនីយ៍ អ៊ុយ សារិន ដឹកនាំកិច្ចប្រជុំ បែងចែកភារកិច្ចទាក់ទងនឹង ការងារព្រំដែន របស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ អ៊ុយ សារិន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការព្រំដែន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ស្តីពីការបែងចែកតួនាទីភារកិច្ច និងពង្រឹងរបៀបរបបការងារ ដោយមានការចូលរួមពី ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ឧត្តមសេនីយ៍ឯក ស ថាវី និង ឧត្តមសេនីយ៍ឯក សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពី លេខា និងជំនួយការ ជាច្រើនរូបទៀត ។
នាយឧត្តមសេនីយ៍ អ៊ុយ សារិន បានណែនាំដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្តាប់សភាពការណ៍នៅតាមបណ្តោយព្រំដែន ពិសេសទីតាំងបង្គោលសីមាព្រំដែន និងចំណុចឈរជើងរបស់កងកម្លាំងសមត្ថកិច្ចតាមខ្សែបន្ទាត់ព្រំដែន។
ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានរាយការណ៍ជូនអង្គប្រជុំ អំពីសកម្មភាពរបស់គណៈកម្មាការចំពោះកិច្ច បានចុះតួ្រតពិនិត្យតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី ១១ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ដែលពាក់ព័ន្ធ នឹងសភាពការណ៍ បញ្ហាប្រឈមនានា និងការយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយ របស់កម្លាំងសមត្ថកិច្ចតាមច្រកទ្វារព្រំដែន កម្ពុជា-ថៃ ជូនដល់អង្គប្រជុំអោយបានជ្រាបផងដែរ ៕
