សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការ ជាមួយអាជ្ញាធរពេលជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការ ជាមួយអាជ្ញាធរពេលជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
តាមរយៈបណ្ដាញសង្គមសម្ដេចធិបតីបានឱ្យដឹងយ៉ាងដូច្នេះថា “សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ, កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ”។
សម្ដេចធិបតីបន្តថា សូមបងប្អូន អ៊ំពូមីង លោកយាយលោកតា មេត្តាចូលរួមសហការ និងចាកចេញពីទីកន្លែងជន់លិចទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមេីលថែទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានាសូមជូនពរសុខសុវត្ថិភាព និងសុខភាពល្អ៕
